ការរក្សាសុវត្ថភាពចំពោះទារក និងកុមារតូច គឺជាកាតព្វដ៏សំខាន់របស់មាតាបិតាគ្រប់រូប!
ទារកត្រូវទទួលបានការចិញ្ចឹមបីបាច់ និងរក្សាសុខសុវត្ថិភាពឱ្យបានដិតដល់បំផុត ចាប់តាំងពីពេលដែលពួកគេកើតមក រហូតដល់ពួកគេចេះដើរតេះតោះៗ… មាតាបិតាត្រូវមើលថែទាំគាំពារពួកគេដោយស្វែងយល់អំពី របបអាហារ សម្ភារៈប្រើប្រាស់ ផលិតផលផ្សេងៗ និងពិនិត្យមើលរបស់របរមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ដល់ទារក។
អ្នកមិនអាចព្យាករដឹងមុនអំពីគ្រោះថ្នាក់បានទេ ប៉ុន្តែក៏មានគន្លឹះមួយចំនួន ដែលអាចជួយកាត់បន្ថយហានិភ័យ និងរក្សាសុខសុវត្ដិភាព នាំមកនូវភាពកក់ក្តៅដល់ទារក និងកុមារតូច។
គន្លឹះទាំងនោះ រួមមាន ៖
• សូមជ្រើសរើសផលិតផល ឬសម្ភារៈប្រើប្រាស់ ដែលមានការត្រួតពិនិត្យត្រឹមត្រូវ ស្របតាមស្តង់ដារ គណៈកម្មការសុវត្ថិភាពនៃផលិតផលអ្នកប្រើប្រាស់ សហរដ្ឋ អាមេរិច – U.S. Consumer Product Safety Commission (CPSC)
• ជ្រើសរើសគ្រែដែលរឹងមាំ ហើយមានរនាំងព័ទ្ធជុំវិញ ដើម្បីបង្ការកុំឱ្យទារករមៀលធ្លាក់… ពូកសម្រាប់ទារក ត្រូវមានសភាពទន់ល្មើយ និងមានខ្យល់ចេញចូលគ្រប់គ្រាន់ មិនធ្វើឱ្យទារកស្អុះស្អាប់ ឬរំខានដល់ដំណេកពួកគេ
• ជ្រើសរើសតុធ្នើរសម្រាប់ផ្លាស់ប្តូរកន្ទប ដែលភ្ជាប់ជាមួយខ្សែក្រវ៉ាត់សុវត្ថិភាព… ចៀសវាងទារកប្រះខ្លួន បណ្តាលឱ្យធ្លាក់
• ដើម្បីរក្សាសុវត្ថិភាពនៅពេលធ្វើដំណើរ សូមប្រើប្រាស់ប្រភេទកៅអីរថយន្តសម្រាប់ទារក ដោយផ្អែកលើអាយុ ទម្ងន់ និងកម្ពស់របស់ទារកផ្ទាល់
• រទេះរុញរបស់ទារក (Jogging Stroller) ត្រូវមាន ឆ័ត្របាំង ហ្វ្រាំងកង់ និងខ្សែក្រវ៉ាត់សុវត្ថិភាព
• ប្រើប្រាស់អាងងូតទឹកតូចល្មមសម្រាប់ទារក ដែលមានផ្ទៃបាតធន់នឹងការរអិល ហើយងូតទឹកឱ្យទារកក្នុងសីតុណ្ហភាពទឹកក្តៅឧណ្ហៗ និងមិនត្រូវទុកពួកគេចោលម្នាក់ឯង។សូមជ្រើសរើសប្រដាប់ប្រដាក្មេងលេង (Toys) ដែលមានលក្ខណៈសមស្របទៅតាមអាយុរបស់ទារក
• កុំឱ្យកូនញ៉ាំអាហារផ្តេសផ្តាស់ (ចំណិតផ្លែឈើតូចៗ ឬបំណែកនំ) ចៀសវាងការស្លាក់
• ប្រើប្រាស់រនាំងទ្វារឆ្លងកាត់បាំងនៅផ្ទះបាយ និងបន្ទប់ទឹក
• ទុកដាក់ឱសថ និងផលិតផលផ្សេងៗ ឱ្យឆ្ងាយពីដៃទារក
• ទុកកែវទឹកក្តៅ ឬកាហ្វេឱ្យឆ្ងាយពីកូនតូច