គម្រោងវិនិយោគថ្មី ដែលមានទុនប្រមាណជិត ៤.៩ពាន់លានដុល្លាអាម៉េរិក ដែលត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះ គឺមានគម្រោងវិនិយោគតាមវិស័យ ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ហើយនៅក្នុងនោះ ប្រភពទុនវិនិយោគចិនគឺមានរហូតទៅដល់ ៦៦% នៃប្រភពទុនវិនិយោគសរុប។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលធ្វើការចុះផ្សាយនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា គម្រោងថ្មីដែលមានចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះមានទុនវិនិយោគសរុបប្រមាណជិត ៤,៩ពាន់លានដុល្លាអាម៉េរិក និងបង្កើការងារបានប្រមាណ៣០៧,០០០កន្លែង។
នៅក្នុងសេចក្តីប្រកាសនោះដោយបានបន្ថែមថា ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។ ដោយឡែកវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមានប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគក្នុងវិស័យនេះត្រូវការទុនវិនិយោគច្រើន។ ជារួម លំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា ទុនវិនិយោគក្នុងឆ្នាំ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេស ចិន និងក្នុងស្រុកដោយបានរួមចំណែកជិត ៩០ភាគរយ នៃទុនវិនិយោគសរុប។ គម្រោង វិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានី ភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្តដែលមានការអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕ ដោយ កែន មី