ក្នុងរយៈពេល ១ត្រីមាសនៃឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចបិសេសមានចំនួន ៣៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។
ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគ្រោងវិនិយោគមានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ការកើនឡើងយ៉ាងកំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍, និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
នៅក្នុងនោះ ប្រភពទុនវិនិយោគ (គិតជាភាគរយ) សម្រាប់ ប្រទេសកម្ពុជា ៥៨.០៥% , ប្រទេសចិន ៣៥.៣៤% , ប្រទេសវៀតណាម ២.២៣% , ប្រទេសកូរ៉េ ០.៤៩% , សហរដ្ឋអាម៉ែរិក ០.៤៥% , និង ម៉ាឡេស៊ី ០.២៨%។ ចំណែកគម្រោងវិនិយោគនៅតាមបណ្តារាជធានី-ខេត្ត រួមាន៖ ភ្នំពេញ ១៤គម្រោង, កណ្តាល ៩គម្រោង, កំពង់ស្ពឺ ២៦គម្រោង, តាកែវ ៩គម្រោង, ព្រះសីហនុ ១៣គម្រោង, ស្វាយរៀង ២៣គម្រោង, កំពង់ឆ្នាំ ៥គម្រោង, កោះកុង ២គម្រោង, ព្រះវិហារ ១គម្រោង, ស្ទឹងត្រែង ២គម្រោង, កំពត ១គម្រោង, និង កំពងចាម ១គម្រោង។
គួរគូសរំលេចផងដែរថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខរៀងទី១ ឬឯការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែកប្រមាណជាង ៩៣% នៃការវិនិយោគសរុប ផងដែរ៕