របស់មួយ ដែលគេពាក់នៅកដៃ មើលទៅដូចស្កត់សម្រាប់បិទឥវ៉ាន់ផ្សេងៗ តែតាមពិតមិនដូច្នេះទេ គឺវាជាម៉ូដកងដៃលំដាប់ខ្ពស់ របស់ Balenciaga ជាមួយនឹងតម្លៃខ្ពស់មិនសមហេតុផល គឺដល់ទៅ $4,400ឯណោះ។
ខ្សែដៃដែលផលិតឡើងស្រដៀងនឹងកាសែត Scotch ថ្លាមួយនេះ គឺជាផ្នែកមួយនៃ Collection រដូវស្លឹកឈើជ្រុះ/រដូវរងាឆ្នាំ 2024-25 របស់ Balenciaga ដែលបានដាក់បង្ហាញនៅថ្ងៃទី 3 ខែមីនា ក្នុងអំឡុងសប្តាហ៍ម៉ូតប៉ារីស។ វាបានផ្ទុះល្បីខ្លាំងបន្ទាប់ពីបានបង្ហាញខ្លួនលើទំព័រ TikTok របស់អ្នកមានឥទ្ធិពលម៉ូដមួយ។
តារាម៉ូដែលម្នាក់បានពាក់ខ្សែដៃនៅលើការដើរកម្សាន្ត។ នាងស្លៀករ៉ូបពណ៌ខៀវរលុងដែលត្រូវបានរឹតរាងឲ្យអឹបជាប់នឹងដងខ្លួនស្កត់ថ្លា។
ម៉ូដកងដៃដ៏ប្លែករបស់ Balenciaga កំពុងត្រូវបានគេជជែកនៅលើអ៊ីនធឺណិត ដោយមានទាំងការចំអក និងសរសើរ ហើយវាបាន និងកំពុងអង្រួនអ្នកដើរម៉ូដចិនរាប់លាននាក់។ បុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមជាច្រើននៅទីនោះ បាន និងកំពុងបង្កើតផលិតផល ផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងក្ដីសង្ឃឹមថានឹងលក់បាននូវតម្លៃមួយធូរជាង ដោយសារតែវាមិនមែនមកជាមួយឈ្មោះ Balenciaga នោះទេ។
អ្នកប្រើប្រាស់នៅលើ Douyin ដែលជាកំណែ TikTok របស់ប្រទេសចិនបានបង្ហោះវីដេអូ បង្ហាញពីការបង្កើតផ្ទាល់ខ្លួនក្នុងន័យលេងសើច(Troll)នូវ ចិញ្ចៀនស្កត់ ក្រវិលខ្សែស្កត់ និងខ្សែកបន្តោងស្កត់បីដុំជាដើម៕ ប្រភព៖ straitstimes