The Plantation Urban Resort & Spa បានធ្វើការដាក់តាំងពិព័រណ៌សិល្បៈរបស់វិចិត្រករដ៏ឆ្នើម លោក អ៊ុក ជឹមវិចិត្រ ដោយនាំយកស្នាដៃរូបចម្លាក់ដែកកែច្នៃចំនួន 40 និងគំនូរសហសម័យចំនួន 10 ផ្ទាំង ទៅដាក់តាំងបង្ហាញដល់សាធារណជន។
វិចិត្រករ លោក អ៊ុក ជឹមវិចិត្រ បានបង្កើតស្នាដៃប្រកបដោយភាពច្នៃប្រឌិតជាច្រើនទាក់ទងនឹងគំនូរ និងចម្លាក់ដែលផ្គុំឡើងពី លោហៈ (ដែក) កម្ទេចឈើ និងថ្ម ដែលសុទ្ធសឹងបង្កប់នូវអត្ថន័យក្រោមប្រធានបទផ្សេងៗគ្នា ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិកម្ពុជា តាមរយៈការដកស្រង់ពីស្នាដៃដូនតាតាំងពីបុរាណ។
ការតាំងពិព័រណ៌សិល្បៈរបស់លោកលើកនេះ បានពាំនាំមកនូវទស្សនីយភាពប្លែកបំផុត តាមរយៈស្នាដៃកែច្នៃរូបចម្លាក់ ពីដែក និងគំនូរបែបទំនើប ដែលឆ្លុះបញ្ចាំងអំពីលទ្ធភាពនៃការព្យាយាមបញ្ចប់នូវភាពទុក្ខសោក ការបំផ្លិចបំផ្លាញ ការបាត់បង់ជីវិត និងការផ្លាស់ប្តូរនូវផ្នត់គំនិតរបស់មនុស្ស ឲ្យទៅជាការអាណិតស្រឡាញ់ ក្នុងភាពជាមនុស្សជាតិ និងសុខសន្តិភាព។
គួរបញ្ជាក់ផងដដែរថា លោក អ៊ុក ជឹមវិចិត្រ គឺជាសាស្រ្តាចារ្យមួយរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគម្រោងសិល្បៈសន្តិភាពកម្ពុជា ដោយបានបង្កើតរូបសំណាកនាគនៅខេត្តបាត់ដំបង។ ស្នាដៃរបស់លោកវិចិត្រ ត្រូវបានដាក់តាំងបង្ហាញយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា និងអន្តរជាតិ រួមទាំងអ្នកចម្បាំងអប្សរាដ៏ល្បីល្បាញរបស់គាត់ ដែលមានទីតាំងនៅសារមន្ទីរសិល្បៈនៃសាកលវិទ្យាល័យ Michigan ផងដែរ។
សូមចូលរួមទស្សនាទាំងអស់គ្នា ព្រោះការតាំងពិព័រណ៌មួយនេះប្រៀបបានវេលាមួយ ដែលសាធារណជនគ្រប់រូបអាចបង្ហាញការគាំទ្រ និងងាកមកចាប់អារម្មណ៍ស្វែងយល់ ក៏ដូចជាចូលរួមថែរក្សាស្នាដៃសិល្បៈខ្មែរ ម្យ៉ាងវេទិកាដ៏ល្អឥតខ្ចោះមួយនេះក៏ជាការសាទរដល់ទេពកោសល្យនៃស្នាដៃ និងចក្ខុវិស័យដ៏អស្ចារ្យរបស់វិចិត្រករខ្មែរផងដែរ។
គួររម្លឹកថាការតាំងពិព័រណ៌នេះ នឹងបន្តររហូតដល់ថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2025 នឹងអនុញ្ញាតឲ្យអាចចូលរួមទស្សនាដោយសេរី។