ក្រោយពីចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរភ្លាម អ្នកនាង គង់ ចាន់ស្រីមុំ បានចេញមកបកស្រាយ និងសុំទោសភ្លាមកាលពីយប់មិញ ក្រោយពីបានរក្សាភាពស្ងៀមស្ងាត់រហូតមក។
នៅមុននេះ គង់ ចាន់ស្រីមុំ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីមហាជន ក្រោយនាងបញ្ចេញរូបភាពស្វាគមន៍ឆ្នាំថ្មី ជារូបភាពថតក្នុងប្រទេសជិតខាងកាលពីថ្ងៃទី ១៤ មេសា។ រូបភាពនោះ ត្រូវបានមហាជនជាច្រើន ក្នុងនោះក៏មានមិត្តរួមអាជីពរបស់អ្នកនាងផង បានសម្ដែងការមិនពេញចិត្ត ព្រោះថា ជាចំណែកជួយផ្សព្វផ្សាយសិល្បៈវប្បធម៌របស់បរទេស។
រូបភាពកាន់កាំភ្លើងបាញ់ទឹក សើចសប្បាយក្នុងការលេងកម្សាន្តនៅឯបរទេសនេះ ត្រូវបាន ស្រីមុំ លុបចេញវិញភ្លាម បន្ទាប់រងការរិះគន់។ កន្លងមកជាច្រើនថ្ងៃ ស្រីមុំ រក្សាភាពស្ងៀមស្ងាត់ មិនមានការអធិប្បាយយ៉ាងណាឡើយ ទើបតែយប់មិញនេះ អ្នកនាង បានចេញមកបកស្រាយ និងធ្វើការសុំទោសទៅមហាជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។
នៅក្នុងវីដេអូ Live ស្រីមុំ បញ្ជាក់ថា ការដែលនាងមិនចេញមុខភ្លាមៗ ព្រោះដឹងថា មហាជនកំពុងមានអារម្មណ៍មិនល្អខ្លាំង ដូច្នេះបើនាងនិយាយអី្វ ក៏គង់នឹងមិនអាចកែខៃបាននោះដែរ។ អីចឹងហើយ នាងបានទុកឲ្យពេលវេលាបន្សាបរបួសផ្លូវចិត្តនោះសិន ទើបនាងចេញមុខនាពេលនេះ។
ចំពោះបញ្ហានេះ គង់ ចាន់ស្រីមុំ លើកដៃ១០សំពះ សុំទោសគ្រប់យ៉ាង និងសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរ អធ្យាស្រ័យចំពោះកំហុសដោយអចេតនានេះ។ ជាចុងក្រោយ អ្នកម្ដាយកូន១រូបនេះ បញ្ជាក់ថា នាងនៅតែរីករាយទទួលយកចំពោះការរិះគន់កែលម្អទាំងអស់ពីប្រិយមិត្ត តែសុំចិត្តមួយ សូមធ្វើការរិះគន់កែលម្អដោយពាក្យល្អៗ បង្ហាញពីការរួបរួមគ្នានៃសាច់ឈាមខ្មែរតែមួយ។
ចំណុចនេះ ស្រីមុំ បញ្ជាក់ថា មិនថាតែនាងទេ តែសិល្បករខ្មែរទាំងអស់គ្នា ក៏ចង់បានបំផុតដែរ៕