នៅពេលដែលស្ត្រីមានវដ្តរដូវ អាការកន្ត្រាក់ស្បូនអាចបង្កឱ្យមានការឈឺចាប់អំឡុងពេលមានវដ្តរដូវ ដោយសារតែការកន្ត្រាក់នេះបានរារាំងលំហូរឈាមទៅកាន់ស្រទាប់ខាងក្នុងរបស់ស្បូន។ អាការឈឺពោះ ចុករោយខ្នងផ្នែកខាងក្រោម និងឈឺជើងសុទ្ធតែជាសញ្ញាទូទៅនៃការឈឺចាប់ពេលមករដូវ។ ការលេបថ្នាំបំបាត់ការឈឺចាប់ អាចជួយសម្រាលភាពចុកចាប់បានបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយសារតែប្រភេទថ្នាំទាំងនេះបិទបាំងការឈឺចាប់ វាមិនបានព្យាបាលឬសគល់នៃការឈឺចាប់ឡើយ។
យើងសូមណែនាំអ្នកឱ្យជ្រើសរើសនូវលំហាត់ប្រាណយូហ្គាទាំង ៤ ចលនាខាងក្រោមនេះ ដែលអាចជួយសម្រួលប្រព័ន្ធប្រសាទរបស់អ្នក កាត់បន្ថយអាការចុករោយខ្នង បន្ថយការចុកពោះ ការឈឺជើង និងជួយសម្រួលឱ្យអារម្មណ៍របស់អ្នកស្ងប់ រួមទាំងជួយសម្រួលការចុករមួលនៅពេលមករដូវ។
ចលនាអង្គុយបោះជង្គង់ឱនទៅមុខ (Janu Sirsasana A) ៖
ចាប់ផ្តើមជំហានដំបូងដោយស្ថិតក្នុងឥរិយាបថអង្គុយនៅលើកម្រាលឥដ្ឋហើយលាជើងទាំងពីរត្រង់ទៅខាងមុខ។ បត់ជើងស្តាំចេញក្រៅក្នុងកម្រិតមុំកែង ៩០ដឺក្រេ រួចទាញប្រអប់ជើងស្តាំបែរទៅរកភ្លៅក្នុងខាងឆ្វេង។ ចាប់ស្មងជើង ឬប្រអប់ជើងឆ្វេង រួចដកដង្ហើមចូល បន្ទាប់មកតម្រង់ត្រង់ត្រគាករបស់អ្នក រួចទាញរាងកាយរបស់អ្នកឱនទៅរកជើងដែលលាត្រង់នោះ។ ដកដង្ហើមចេញ សឹមឱនទៅមុខតិចៗចេញពីក្រលៀន។ ទាញសន្ធឹងឆ្អឹងខ្នងតាមរយៈដើមទ្រូង ទាញឆ្អឹងខ្នងរបស់អ្នកឱ្យត្រង់ មិនត្រូវកោងឡើយ។
អត្ថប្រយោជន៍ ៖
- ជួយពន្យឺតឆ្អឹងខ្នង ស្មា សាច់ដុំគន្លាក់ជង្គង់ និងក្រលៀន
- សម្រាលខួរក្បាល និងកាត់បន្ថយជំងឺទឹកចិត្តកម្រិតស្រាល
- កាត់បន្ថយការថប់អារម្មណ៍ រួមទាំងកាត់បន្ថយការអស់កម្លាំង ឈឺក្បាល និងការឈឺចាប់ពេលមានវដ្តរដូវ
ចលនាទម្រេតខ្លួនឈោងប៉ះមេជើង (Supta Padangusthasana) ៖
ដំបូងចូរទម្រេតខ្លួនលើកម្រាលឥដ្ឋដោយដាក់ដៃទាំងពីរស្របដងខ្លួន បន្ទាប់មកលាជើងរបស់អ្នក។ ដាក់ក្បាលរបស់អ្នកលើកម្រាលឥដ្ឋ ដកដង្ហើមចូល បត់ជង្គង់ស្តាំ រួចប្រើម្រាមដៃស្តាំតោងចាប់មេជើងស្តាំ។ ដាក់ដៃឆ្វេងរបស់អ្នកនៅពីលើភ្លៅខាងឆ្វេងរបស់អ្នកដើម្បីទប់ជើងឆ្វេងឱ្យរាបជាប់នឹងកម្រាលឥដ្ឋ។ ត្រូវធ្វើយ៉ាងណាឱ្យឈោងចាប់ម្រាមជើងរបស់អ្នកដល់។
ដកដង្ហើមចេញ លាជើងស្តាំឱ្យត្រង់តាមដែលអាចធ្វើបាន។ អ្នកអាចប្រើកន្សែង ឬខ្សែក្រវាត់មកព័ទ្ធជុំវិញប្រអប់ជើងស្តាំដើម្បីជួយលាតសន្ធឹងជើងអ្នកឱ្យបានត្រង់។ ធ្វើការដកដង្ហើមចេញចូល ងើបក្បាលទៅរកជើងស្តាំដោយរក្សាជើងឆ្វេងនៅខាងក្រោម បន្ទាប់មកសូមកម្រើក ក របស់អ្នកថ្នមៗ មិនត្រូវធ្វើឱ្យហួសកម្លាំងឡើយ។
ធ្វើយ៉ាងណាឱ្យជើងរបស់អ្នកលាបានត្រង់ល្អ តាមដែលអាចធ្វើបាន។ ដកដង្ហើមឱ្យស្មើគ្នារួចទម្រេតក្នុងឥរិយាបថបែបនេះរយៈពេល ២ ទៅ ៣នាទី។ ដកដង្ហើមចូលវិញម្តង រួចឱនក្បាលត្រឡប់មករកកម្រាលឥដ្ឋវិញ ដកដង្លើមចេញហើយដាក់ជើងឆ្វេងចុះ។ បន្ទាប់ធ្វើការប្តូរឥរិយាបថជើងម្ខាងទៀត។
អត្ថប្រយោជន៍ ៖
- ពន្យឺតសាច់ដុំត្រគាក ភ្លៅ គន្លាក់ជង្គង់ ក្រលៀន និងកំភួនជើង
- ជួយពង្រឹងសាច់ដុំជង្គង់
- កាត់បន្ថយការឈឺខ្នង សរសៃប្រសាទតាមបណ្តោយជើង និងការឈឺចាប់ពេលមករដូវ
ចលនាក្រពាត់ដៃលើជង្គង់ (Pasasana)
ដំបូងអង្គុយច្រហោងដោយដាក់ប្រអប់ជើងទាំងពីរទន្ទឹមគ្នា គូទចុះក្រោមទៅរកកែងជើងទាំងពីររបស់អ្នក។ ប្រសិនបើកែងជើងរបស់អ្នកមិនប៉ះនឹងកម្រាលឥដ្ឋទេ ចូរបត់ភួយ ឬកន្សែងនៅពីក្រោមកែងជើងរបស់អ្នក។ ដកដង្ហើមចូលរួចទាញជង្គង់ទាំងពីរងាកមកខាងឆ្វេងខណៈពេលដែលអ្នកទាញខ្លួនទៅខាងស្តាំ។
ដកដង្ហើមចេញ រួចដាក់ដើមដៃខាងឆ្វេងនៅខាងក្រៅជើងស្តាំរបស់អ្នក រួចដាក់កំភួនដៃឆ្វេងនៅពីមុខជើងរបស់អ្នកដើម្បីអាចព័ទ្ធដៃទាំងពីរទៅខាងក្រោយជើងឆ្វេង។ ដកដង្ហើមចូល រួចលើកដៃស្តាំទៅក្រោយខ្នងរបស់អ្នកដើម្បីស្រាក់គ្នា។ ដកដង្ហើមចេញ រួចពើងទ្រូង និងសម្លឹងពីលើស្មាស្តាំ។ តម្រង់ត្រគាកឱ្យត្រង់ ហើយតម្រង់ជង្គង់ឱ្យស្របគ្នាបែរទៅខាងមុខ។ ដកដង្ហើមឱ្យស្មើគ្នារយៈពេល ៣០ ទៅ ៦០វិនាទី។ ដកដង្ហើមចូលសម្លឹងទៅមុចឱ្យចំកណ្តាល រួចដកដង្ហើមចេញសម្រួលឥរិយាបថ។ បន្ទាប់មកផ្លាស់ប្តូរទៅម្ខាងទៀត។
អត្ថប្រយោជន៍ ៖
- ជួយពន្យឺតសាច់ដុំភ្លៅ ក្រលៀន និងឆ្អឹងខ្នង
- ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ
- កាត់បន្ថយការចុករោយខ្នង ស្មា និងក
- សម្រួលដល់ការពិបាករំលាយអាហារ អាការហើមពោះ និងការឈឺចាប់ពេលមករដូវ
ចលនាសត្វអូដ្ឋ (Ustrasana)
ដំបូងលត់ជង្គង់លើកម្រាលឥដ្ឋដោយកន្ធែកជង្គង់ឱ្យស្មើទំហំទទឹងត្រគាករបស់អ្នក។ ទាញភ្លៅរបស់អ្នកចូលមកខាងក្នុងតិចៗ រួចហើយសង្កត់ស្មងជើង និងប្រអប់ជើងឱ្យប៉ះនឹងកម្រាលឥដ្ឋ។ ដាក់ដៃរបស់អ្នកលើត្រគាកផ្នែកខាងក្រោយ (លាបាតដៃដាក់លើឆ្អឹងកញ្ចូញគូទ រួចទម្លាក់ម្រាមដៃចុះក្រោម)។ ដកដង្ហើមចូល ពើងទ្រូងឡើង រួចទាញស្មាចុះមករកឆ្អឹងជំនី។ ដកដង្ហើមចេញ រុញត្រគាកទៅខាងមុខ ហើយទាញដងខ្លួនទៅក្រោយ បន្ទាប់មកដាក់ដៃរបស់អ្នកលើត្រគាក ឬដាក់នៅលើកែងជើង។ ប្រសិនបើអ្នកដាក់ដៃលើកែងជើង ចូរសង្កត់ម្រាមជើងរបស់អ្នកទៅនឹងកម្រាលឥដ្ឋរួចលើកកែងជើងឱ្យខ្ពស់ឡើងលើ។ ប្រើដៃរបស់អ្នកដើម្បីទប់លំនឹង ដោយរុញត្រគាកទៅខាងមុខ ហើយពើងទ្រូងឡើង។ ងើយក្បាលទៅក្រោយទម្លាក់ចុះក្រោម សម្លឹងមើលទៅលើ ដកដង្ហើមមួយៗ រក្សាឥរិយាបថបែបនេះរយៈពេល ៣០ តៅ ៦០វិនាទី។
អត្ថប្រយោជន៍ ៖
- ជួយពន្យឺតសាច់ដុំរាងកាយផ្នែកខាងមុខ កែងជើង និងក្រលៀន
- ពង្រឹងកម្លាំងសាច់ដុំពោះ ដើមទ្រូង និងក
- ជួយពង្រឹងសាច់ដុំខ្នង
- ជួយពន្យឺតសាច់ដុំបត់នៃត្រគាក
- ជួយធ្វើឱ្យសណ្ឋាននៃរាងកាយប្រសើរឡើង
- កាត់បន្ថយអាការឈឺឆ្អឹងខ្នងកម្រិតស្រាល អស់កម្លាំង ថប់បារម្ភ និងការឈឺចាប់អំឡុងពេលមករដូវ