ខ្ទឹមស គឺជាគ្រឿងផ្សំដែលប្រជាជនកម្ពុជានិយមបន្ថែមទៅក្នុងមុខម្ហូបអាហារ ដើម្បីទទួលបានក្លិនឈ្ងុយឆ្ងាញ់។ ដើមឡើយ ខ្ទឹមសគឺជាំដំណាំដុះតែនៅក្នុងតំបន់អាស៊ី ប៉ុន្តែឥឡូវនេះខ្ទឹមសត្រូវបានថែកចាយពាសពេញពិភពលោក ព្រោះខ្ទឹមសមានសមាសធាតុផ្សំពីរុក្ខជាតិដ៏មានឥទ្ធិពល (Phytochemicals) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើននៅពេលរួមបញ្ចូលនៅក្នុងរបបអាហារប្រចាំថ្ងៃ។
ខ្ទឹមសអាចជួយសម្អាតមេរោគក្នុងរាងកាយ និងជួយព្យាបាលជម្ងឺមួយចំនួន ដូចជា ជំងឺរបេង កើតហឺត រលាកសួត ផ្តាសាយ រលាកទងសួត ផ្តាសាយរ៉ាំរ៉ៃ ជំងឺសួត និងក្អក ព្រមទាំងដើរតួនាទីសំខាន់ក្នុងការទប់ស្កាត់ជម្ងឺទឹកនោមផ្អែមទៀតផង។
សារធាតុចិញ្ចឹមខ្ពស់
ខ្ទឹមស មានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ និងចំនួនកាឡូរីទាបដែលវាបានក្លាយទៅជាសារធាតុផ្សំសំខាន់នៅក្នងរបបអាហារប្រចាំថ្ងៃ។ នៅក្នុងខ្ទឹមសរួមមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា ម៉ង់ហ្គាណែស, វីតាមីន B6, ស័ង្កសី, ស្ពាន់ធ័,រ ជាតិដែក, វីតាមីន C, ប៉ូតាស្យូម, កាល់ស្យូម, ម៉ាញ៉េស្យូម, សេលេញ៉ូម…។
ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
ខ្ទឹមស អាចជួយការពាររ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺផ្សេងៗ ជាពិសេសប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាកក្នុងរាងកាយ។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដូចជា Polyphenols និង Flavonoids ដែលនេះជាធាតុសំខាន់បំផុត ដើម្បីប្រឆាំងជាមួយជំងឺរ៉ាំរ៉ៃកាចសាហាវមួយចំនួន ៖ ជំងឺមហារីក ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។
កាត់បន្ថយហានិភ័យជំងឺបេះដូង
ការស្រាវជ្រាវជាច្រើនបានរកឃើញថា ខ្ទឹមសអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះវាមានផ្ទុកសារធាតុ Allicin ជួយកាត់បន្ថយសម្ពាធឈាម ព្រមទាំងគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល (បន្ថយកម្រិត LDL ឬ កូឡេស្តេរ៉ុលមិនល្អ)។
បន្សាបជាតិពុលក្នុងរាងកាយ
សមាសធាតុស្ពាន់ធ័រក្នុងកម្រិតខ្ពស់ដែលមានក្នុងខ្ទឹមស អាចការពារ និងប្រឆាំងភាពខូចខាតសរីរាង្គបណ្តាលមកពីការពុលជាតិលោហៈធ្ងន់ធ្ងរ ។ ការសិក្សារយៈពេលបួនសប្តាហ៍ទៅលើបុគ្គលិករោងចក្រផលិតអាគុយរថយន្ត (ការប៉ះពាល់ច្រើននឹងកាបូន) បានរកឃើញថា ខ្ទឹមសកាត់បន្ថយកម្រិតជាតិពុលនៅក្នុងឈាមបានដល់ទៅ 19% ។ វាក៏កាត់បន្ថយរោគសញ្ញានៃការពុលជាច្រើនរួមទាំងការឈឺក្បាលនិងសម្ពាធឈាមចុះខ្សោយ ។
ការពារជំងឺពុកឆ្អឹង
ខ្ទឹមស អាចការពាររាងកាយពីជំងឺពុកឆ្អឹងយ៉ាងមានប្រសិទ្ធិភាព ដោយយោងតាមការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ខ្ទឹមសមានឥទ្ធិពលជួយបង្កើនលទ្ធភាព ផលិតអ័រម៉ូនអ៊ឺស្រ្តូហ្សែននៅក្នុងរាងកាយ ម្យ៉ាងជួយកាត់បន្ថយហារនិភ័យនៃការថយចុះកំហាប់ឆ្អឹងដែលវិវត្ដទៅតាមវ័យផងដែរ។