ដួង ម៉ានិច្ច បានបញ្ចប់ភាពនៅលីវនាយប់មិញ ក្រោយពីបានសំពះផ្ទឹមទទួលផ្កាស្លាជ័យជាមួយលោក វ៉ន លីពុទ្ធិឆាត ហៅហ៊ាឆាតយប់មិញ ក្រោមវត្តមានធ្វើជាសាក្សីភ្ញៀវកិត្តិយស សិល្បកររួមអាជីពរាប់រយនាក់ក្រោមបរិយាកាសដ៏រីករាយនាតំបន់មាត់សមុទ្រ។
ពិធីជ័យ រួមទាំងពិធីជប់លៀងភ្ញៀវកិត្តិយសរបស់តារាស្រី បានបង្ហាញភាពលេចធ្លោមួយចំនួន។ ចំណុចទាំងនោះមាន៖
១.មង្គលការតារាខ្មែរដំបូងគេនៅមាត់សមុទ្រ៖ ត្បិតថា ធ្លាប់មានអ្នករកស៊ីអនឡាញទៅធ្វើពិធីស្រដៀងគ្នានៅមាត់សមុទ្ររួចហើយក៏គិតមែន ប៉ុន្តែគិតក្នុងសង្គមសិល្បៈខ្មែរវិញ នេះជាពិធីជប់លៀងអាពាហ៍ពិពាហ៍របស់តារាខ្មែរដំបូងគេដែលបានរៀបចំឡើងនៅមាត់សមុទ្រ ក្រោមបរិយាកាសដ៏មនោរម្យនៃជំនោរសមុទ្រដ៏បរិសុទ្ធ។ ពិធីរបស់តារាស្រី បានទាក់ទាញភ្ញៀវកិត្តិយសជាច្រើនឲ្យមកជួបជុំគ្នា រំលេចម៉ូតសំលៀកបំពាក់ស្អាតៗ កាលីបៗ នៅមាត់ឆ្នេរសមុទ្ររាម។
២.មិនទទួលភ្ញៀវដោយគ្រឿងស្រវឹង៖ ចំណុចនេះ ក៏ជាកំណត់ត្រាមួយដែររបស់ ម៉ានិច្ច និង ហ៊ាឆាត ក្នុងសង្គមសិល្បៈ ដោយពិធីស្វាគមន៍ទទួលភ្ញៀវកិត្តិយសរបស់អ្នកទាំងពីរ មិនមានដាក់ចូលភេសជ្ជៈមានជាតិអាល់កុលឡើយ។ ម៉ានិច្ច បានប្រកាសរឿងនេះ ក្នុងវេលាកាត់ខ្សែផ្ការកអ្នកដល់គូបន្ទាប់ ដោយស្នើឲ្យភ្ញៀវកិត្តិយសអបអរជាមួយនឹងភេសជ្ជៈផ្សេង ដែលមិនមែនជាស្រាបៀ ព្រោះពិធីរបស់នាង មិនមានទទួលភេសជ្ជៈនេះឡើយ។
៣.កូនក្រមុំរាំ ដូចអ្នករាំម្នាក់៖ កូនក្រមុំរាប់តាមចង្វាក់ kpop មិនមែនជារឿងថ្មីទេ ខណៈ ស្រីនា និងវិសាល បានធ្វើវាមុនរួចហើយកាលពីខែមុនក្នុងថ្ងៃមង្គលការរបស់ពួកគេ។ យ៉ាងណា ម៉ានិច្ច បានបង្ហាញភាពលេចធ្លោសារជាថ្មីក្នុងសិល្បៈរាំនេះ ដែលគេមើលទៅនាងហាក់មានភាពស្ទាត់ជំនាញ បើទោះនាងជាតារាសម្ដែង និងបានហាត់រៀនក្បាច់រាំមុនតែប៉ុន្មានម៉ោងក៏ដោយ។ ដូច្នេះហើយ ប្រិយមិត្តខ្លះលើបណ្ដាញសង្គម ក៏ដូចជាភ្ញៀវកិត្តិយសផង លើកឡើងថា ម៉ានិច្ច លេងអស់ដៃហើយយប់មិញ។
រូបភាព៖ Premium Picture