ការងូតទឹកដោយមានក្បួនតម្រាច្បាស់លាស់អាចមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពជាងអ្នកគិតទៅទៀត។ ជារឿយៗដែលមនុស្សគ្រប់គ្នាស្ទើរតែទាំងអស់បានជ្រើសយកការងូតទឹកត្រជាក់សម្អាតប្រាណប្រចាំថ្ងៃ និងបំភ្លេចចោលនូវការងូតទឹកក្តៅឧណ្ណៗ ព្រោះពួកគេពុំបានដឹងអំពីអត្ថប្រយោជន៍នៃការត្រាំទឹកក្តៅឧណ្ណៗមានឥទ្ធិពលវិជ្ជមានយ៉ាងណាខ្លះចំពោះសុខភាពរាងកាយ។
យោងតាមសម្តីអ្នកស្រី Sarah St. John ជាម្ចាស់ស្ថាបនិកនៃ “Grey Wolfe” – ហាងស្ប៉ាដ៏មានភាពល្បីល្បាញបំផុតនៅក្នុងទីក្រុងឡុងដ៍បាននិយាយថា “ផ្លូវចិត្ត និងរាងកាយរបស់មនុស្សត្រូវបានតភ្ជាប់គ្នា និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយពួកវាធ្វើការផ្លាស់ប្តូរព័ត៌មានគ្នា ហើយមានការឆ្លើយតបគ្នាទៅវិញទៅមកជានិច្ចនៅពេលមានអ្វីមួយកើតឡើងចំពោះអ្នក – កាលណាផ្លូវចិត្តមិនល្អវានឹងបង្កផលប៉ះពាល់ដល់រាងកាយភ្លាមៗ ហើយកាលណារាងកាយរបស់យើងមានអ្វីមិនប្រក្រតី វាអាចបណ្តាលឱ្យផ្លូវអារម្មណ៍របស់យើងមិននឹងនរដូចគ្នា”។ ប៉ុន្តែ យើងក៏មានវិធីដែលអាចសម្របសម្រួលដល់ប្រព័ន្ធទាំងពីរធ្វើដំណើរជាមួយគ្នាបានល្អប្រសើរ ហើយអ្នកអនុវត្តជាប្រចាំថ្ងៃ គឺការងូតទឹកសម្អាតខ្លួនឱ្យបានត្រឹមត្រូវ។
ការងូតទឹកអាចកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ
តាមរយៈការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Freiburg ក្នុងប្រទេសអាឡឺម៉ង់ បានរកឃើញថាការងូតទឹកពិតជាអាចធ្វើឱ្យផ្លូវចិត្តរបស់អ្នកប្រសើរឡើងនៅពេលដែលអ្នកកំពុងតែស្រ្តេសខ្លាំង និងមានភាពស្មុគស្មាញនៅក្នុងចិត្ត។ ការត្រាំទឹកក្តៅឧណ្ណៗ អាចចម្លងនូវផ្លូវអារម្មណ៍ដោយស្ងប់សុខ ហាក់ដូចជាកំពុងងមានការលួងលោមចិត្តដ៏កក់ក្តៅ។
“Cortisol គឺជាអរម៉ូនស្ត្រេស ដែលមាននៅក្នុងប្រព័ន្ធរាងកាយរបស់មនុស្ស”។
កម្រិត Cortisol នឹងកើនឡើងទ្វេដង ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងតានតឹងជាប្រចាំ ដោយវាបណ្តាលឱ្យរំខានដល់លំនាំនៃដំណេករបស់អ្នក។ បន្ថែមពីនេះ Cortisol កើនកាន់តែច្រើន វាក៏អាចជះឥទ្ធិពលអវិជ្ជមានផ្សេងទៀតដល់សុខភាពរូរាងកាយរួបមាន បញ្ហាស្បែក និងប៉ះពាល់ដំណើរការរំលាយអាហារ ព្រមទាំងប្រព័ន្ធសរសៃប្រសាទ។ ចំពោះដំណោះស្រាយសាមញ្ញ គឺអ្នកអាចធ្វើការត្រាំទឹកក្តៅឧណ្ណៗ នៅពេលមានអារម្មណ៍ថាស្រ្តេសខ្លាំង ព្រោះវាធ្វើឱ្យកម្រិត Cortisol របស់យើងធ្លាក់ចុះដោយធម្មជាតិ។
ការងូតទឹកអាចបង្កើនអារម្មណ៍រីករាយ
បន្ថែមពីលើការបញ្ចុះសារធាតុ Cortisol ការងូតទឹកក្តៅអាចធ្វើអោយប្រព័ន្ធសរសៃប្រសាទមានដំណើរការល្អ ដោយវាជម្រុញឱ្យរាងកាយបញ្ចេញសារធាតុសំខាន់ៗបញ្ជូនទៅសរសៃប្រសាទដូចជា Serotonin ដែលរួមចំណែកដល់អារម្មណ៍ប្រសើរឡើង។ ការងូតទឹកក៏ត្រូវបានគេជឿថាធ្វើឱ្យប្រព័ន្ធសរសៃប្រសាទ Parasympathetic មានភាពសកម្មផងដែរ វាមានតួនាទីជួយឱ្យអ្នកមានផ្លូវចិត្តធូរស្រាលជាងមុន។
ការងូតទឹកអាចជួយកាត់បន្ថយការរលាក
ការងូតទឹកក្តៅឧណ្ណៗជួយសម្រួលឱ្យសរសៃឈាមរីកធំ ដែលបង្កើនលំហូរឈាមទៅកាន់សាច់ដុំរបស់អ្នក និងបង្កើនភាពបត់បែននៃសរសៃ Collagen ជួយកាត់បន្ថយភាពរឹងនៃសាច់ដុំដែលតែងតែកើតមានឡើងជាញឹកញាប់បន្ទាប់ពីហាត់ប្រាណ។ ការជម្រុញលំហូរឈាមក៏បានជួយគាំទ្រដល់សុខភាពបេះដូងល្អប្រសើរឡើងផងដែរ ព្រោះវាជួយកាត់បន្ថយភាពស្អិតនៃឈាម ធ្វើឱ្យចលនានៃរាងកាយទាំងមូលដំណើរការល្អ។
ការងូតទឹកក្តៅឧណ្ណៗអាចធ្វើអោយមុខងារសួតដំណើរការល្អ
លំហូរឈាមល្អ អាចធ្វើឱ្យអុកស៊ីសែនដង្ហើមរបស់អ្នកឆ្លងកាយសរីរាង្គទាំងមូល ជួយពង្រឹងសមត្ថភាពសួត និងដំណកដង្ហើមងាយស្រួលជាងមុន។ វាក៏អាចជាឱសថដ៏ល្អសម្រាប់អ្នកជំងឺផ្តាសាយផងដែរ ដោយចំហាយទឹកក្តៅនៅក្នុងអាងបានកាត់បន្ថយអាការៈក្អក និងហៀរសំបោរ។
ការងូតទឹកអាចទ្រទ្រង់ប្រព័ន្ធភាពស៊ាំនៃរាងកាយ
ការកើនឡើងនៃសីតុណ្ហភាពរាងកាយ អាចជួយរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ការសិក្សាថ្មីៗបានបង្ហាញថា ការងូតទឹករយៈពេល 20 ទៅ 30 នាទីគឺគ្រប់គ្រាន់ដើម្បីផលិតកោសិកាឈាមស ចូលរួមក្នុងការប្រឆាំងនឹងមេរោគជំងឺផ្សេងៗ។