ក្នុងរបបគំហើញថ្មីៗនេះបានបើកបង្ហាញឱ្យឃើញថា អាត្រាកុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី1 មានការកើនឡើងជាគំហុក ដោយលោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា បច្ចុប្បន្ននេះមានកុមារកម្ពុជា ប្រមាណជិត 700 នាក់ បានកើតជំងឺទឹកនោមផ្អែមប្រភេទ1។
ក្នុងរយៈពេល 10ឆ្នាំចុងក្រោយនេះមានការកើនឡើងដែលក្នុងមួយឆ្នាំមានរហូតដល់ 20 ករណី ហើយចំពោះកុមារដែលកើតជំងឺនេះ ភាគច្រើនមានអាយុចន្លោះចាប់ពី 4-14 ឆ្នាំ។
ជំងឺទឹកនោមផ្អែមប្រភេទទី 1 គឺជាប្រភេទជំងឺ មេតាប៉ូលីស មិនប្រក្រតី ធ្វើឲ្យមានជាតិស្ករកើនឡើងខ្ពស់ក្នុងឈាម ហើយជំងឺនេះជាប្រភេទជំងឺរ៉ាំរ៉ៃ ខុសពីប្រភេទជំងឺដទៃទៀត ដោយអ្នកជំងឺត្រូវចាក់អាំងស៊ុយលីនជាប្រចាំ ព្រោះជាតិអាំងស៊ុយលីនមានសារៈសំខាន់ក្នុងការសម្របសម្រួលជាតិស្ករក្នុងឈាម ដោយសារអ្នកជំងឺប្រភេទទី ១ មានជាតិស្ករក្នុងឈាមច្រើន អាចបណ្តាលឲ្យមានផលប៉ះពាល់សរីរាង្គកាយសំខាន់ផ្សេងៗ។ ជំងឺទឹកនោមផ្អែមប្រភេទនេះ ច្រើនតែកើតមាននៅលើកុមារ និងមនុស្សវ័យជំទង់។
ជំងឺទឹកនោមផ្អែមប្រភេទទី ១ កើតឡើងដោយសារការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអរម៉ូនអាំងស៊ុយលីន និងការផលិតអរម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ កោសិកាលំពែងខូចខាត មិនអាចផលិត អាំងស៊ុយលីន បានគ្រប់គ្រាន់ បែបនេះហើយបានជាគ្មានអ្វីដឹកនាំជាតិស្ករចូលក្នុងកោសិកាបំប្លែងជាថាមពល នាំឲ្យកំណើនជាតិស្ករខ្ពស់ខ្លាំងក្នុងឈាម។
ជំងឺទឹកនោមផ្អែមប្រភេទទី 1 បញ្ចេញរោគសញ្ញារួមមាន ៖
• ស្រកទម្ងន់គ្មានមូលហេតុ ស្គមរីងរៃ
• ឃ្លាន និងស្រេកទឹកខ្លាំង
• បត់ជើងតូចញឹកញាប់
• អស់កម្លាំង ឆាប់ហត់
• របួសមិនងាយសះស្បើយ
• ស្រវាំងភ្នែក និងស្ពឹកចុងដៃ ចុងជើង
ផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដើម្បីបង្ការការកើតជំងឺទឹកនោមផ្អែមប្រភេទទី1 ៖
• របបអាហារសុខភាព : ទទួលទានអាហារដែលមានសុខភាពល្អ ដូចជា បន្លែ ផ្លែឈើដែលមានវីតាមីន ព្រមទាំងប្រូតេអ៊ីន ទទួលទានទឹកឱ្យបានច្រើន និងមានកម្រិតត្រឹមត្រូវក្នុងការបរិភោគ… សូមកុំបរិភោគអាហារដែលមានជាតិស្ករ និងជាតិខ្លាញ់ខ្ពស់ កាត់បន្ថយភេសជ្ជៈកំប៉ុងជាដើម។
• ធ្វើលំហាត់ប្រាណ : ជម្រុញកុមារឱ្យមានការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ដូចជា ការហាត់ប្រាណ លេងកីឡា និងបញ្ចេញញើស ម្យ៉ាងគេងឱ្យបានគ្រប់គ្រាន់។
• ឧស្សាហ៍ពិនិត្យមើលជាតិស្ករក្នុងឈាម (ចន្លោះ 3-4 ដងក្នុងមួយខែ) និងពិគ្រោះជាមួយគ្រូពេទ្យបើកូនយើងមានរោគសញ្ញាដូចដែលបានបង្ហាញជូនខាងលើ។