បើទោះមុននេះ គណៈកម្មការរៀបចំការបោះឆ្នោត បានបង្ហើបឲ្យដឹងថា មានបេក្ខភាពដល់ទៅ ៦០០នាក់បានចុះឈ្មោះធ្វើជាបេក្ខភាពឈរឈ្មោះទទួលយកការបោះឆ្នោតសម្រាប់តំណែងប្រធានសមាគមសិល្បករខ្មែរក៏ដោយ ក៏ប៉ុន្តែនៅការវិវត្តន៍ចុងក្រោយនេះ មានតែបេក្ខភាព លោកជំទាវឧកញ៉ា ម៉ៅ ចំណាន និងបេក្ខភាព២រូបទៀតប៉ុណ្ណោះ ដែលជាបេក្ខភាពផ្លូវការសម្រាប់ការបោះឆ្នោតដើមខែក្រោយនេះ។
សរុបបេក្ខភាពទាំង៣រូប ដែលស្ថិតក្នុងបញ្ជីសម្រាំងចុងក្រោយនេះមាន ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ។ បេក្ខភាពទាំង៣ ទទួលបានសិទ្ធិពេញលេញក្នុងឈរឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី។
តាមការពន្យល់របស់ គណៈកម្មការរៀបចំការបោះឆ្នោតចំពោះ ការជ្រើសរើសបេក្ខជនទាំង៣រូបនេះ គឺដោយសារថា មានតែបេក្ខជនទាំង៣ប៉ុណ្ណោះ ដែលបានបំពេញគ្រប់លក្ខខណ្ឌត្រឹមត្រូវ។
គួរឱ្យដឹងដែរថា យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ៥ឆ្នាំម្តង ។ ក្រោយខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មីកាលពីអាណត្តិមុន ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរដែលមានលោកស្រី ចន ច័ន្ទលក្ខិណា ជាប្រធានបច្ចុប្បន្ន ក៏បានប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមលក្ខន្តិកៈដែលសមាគម និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ។
សូមជម្រាបថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ។
មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានា ដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ ៕