យើងគ្រប់ៗគ្នា មិនថាក្មេង ឬចាស់នោះទេ ក្រៅពីចេះរកលុយ ត្រូវចេះចាយ ចេះសន្សំ និងគ្រប់គ្រងលុយដោយឆ្លាតវៃផងដែរ។ នៅក្នុងសម័យសេដ្ឋកិច្ចដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះ យើងទាំងអស់គ្នាត្រូវមានជំនាញ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
កាលពីជំនាន់មុន មានតែមាតាបិតាប៉ុណ្ណោះដែលខ្វល់ខ្វាយអំពីរឿងទុកដាក់ផ្នែកហិរញ្ញវត្ថុ តែបច្ចុប្បន្ន គ្រប់ស្រទាប់ មិនថាស្ថិតនៅក្នុងវ័យណា ជាសិស្ស ឬអាជីវករ ឬជាសមាជិកគ្រួសារ ត្រូវបានលើកទឹកចិត្តឲ្យរៀនស្វែងយល់អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះបានកាន់តែលឿន កាន់តែល្អ។
សេរីភាពផ្នែកហិរញ្ញវត្ថុ អាចសម្រេចបានតាមរយៈចំណេះដឹងរបស់មនុស្សក្នុងការគ្រប់គ្រងលុយ ហើយមិនចាំបាច់ត្រូវការលុយច្រើននោះទេ។ មនុស្សជាច្រើនមានការយល់ដឹងតិចតួចអំពីហិរញ្ញវត្ថុ តែគេមានរបៀបនិងវិធីសាស្ត្រនៃការគ្រប់គ្រងវា យល់ដឹងពីដំណើការនៃឥណទាន ផលប៉ះពាល់ និងសក្តានុពលលើសុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគេ ទើបពួកគេអាចបោះជំហានឆ្ពោះទៅមុខក្នុងជីវិតដោយរលូន។
កង្វះការយល់ដឹងផ្នែកហិរញ្ញវត្ថុ ជាមូលហេតុចម្បងមួយនៅពីក្រោយបញ្ហាហិរញ្ញវត្ថុ ដែលមនុស្សជាច្រើននៅជុំវិញពិភពលោកប្រឈមមុខ។
នេះគឺគន្លឹះត្រួសៗ ដែលអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុមាន៖
1- ចេះរៀបចំថវិការ៖ បង្កើតផែនការលម្អិតសម្រាប់របៀបដែលអ្នកនឹងចំណាយ និងសន្សំប្រាក់ តាមដានប្រាក់ចំណូល និងការចំណាយ ហើយធ្វើការការកំណត់គោលដៅហិរញ្ញវត្ថុ និងការបែងចែកឲ្យបានម៉ត់ចត់។
2- ការសន្សំ៖ កំណត់ផ្នែកមួយនៃប្រាក់ចំណូលរបស់អ្នកសម្រាប់តម្រូវការនាពេលអនាគត ភាពអាសន្ន និងគោលដៅផ្សេងៗ ព្រមទាំងការវិនិយោគផងដែ។
3- ការគ្រប់គ្រងកាតព្វកិច្ចបំណុល ដោយរាប់បញ្ចូលទាំងការកាត់បន្ថយការបង់ការប្រាក់ ការបង្រួបបង្រួមប្រាក់កម្ចីនៅពេលមានអត្ថប្រយោជន៍ និងជៀសវាងការខ្ចីប្រាក់ច្រើនពេក។
4- ការវិនិយោគ៖ យកលុយបង្កើនលុយ តាមពេលវេលា ដោយដាក់វាចូលទៅក្នុងទ្រព្យសកម្មដូចជាការទិញ ភាគហ៊ុនមូលបត្របំណុល ឬអចលនទ្រព្យជាដើម។ ចំនុចនេះអ្នកគួររៀនស្វែងយល់ដឹងបន្ថែមអំពីហានិភ័យ ការធ្វើពិពិធកម្ម និងគោលដៅហិរញ្ញវត្ថុរយៈពេលវែងផងដែរ។
5- ផែនការហិរញ្ញវត្ថុ៖ បង្កើតយុទ្ធសាស្រ្តមួយ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុរយៈពេលវែងពេញមួយជីវិតរបស់អ្នក ប្រសិនបើអា ដោយរួមបញ្ចូលទាំងការធ្វើផែនការចូលនិវត្តន៍ ការធ្វើផែនការអចលនទ្រព្យ និងការពិចារណាលើតម្រូវការធានារ៉ាប់រង។
6- ការត្រួតពិនិត្យ និងការវាយតម្លៃកែតម្រូវលើស្ថានភាពហិរញ្ញវត្ថុជាប្រចាំ ដើម្បីតាមដានវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ និងធ្វើការកែតម្រូវដោយផ្អែកលើការផ្លាស់ប្តូរក្នុងរបទជីវិតប្រចាំថ្ងៃ ឬលក្ខខណ្ឌសេដ្ឋកិច្ចជាដើម។