មនុស្សជាច្រើនតែងជួបប្រទះការជ្រុះសក់ជាញឹកញាប់ ដែលធ្វើឱ្យសក់ស្តើង និងទំពែក ហើយបញ្ហាបណ្តាលឱ្យជ្រុះសក់ទាំងនោះអាចជារឿងដែលអ្នកកំពុងប្រព្រឹត្ត ក៏ដូចជាកើតឡើងប្រចាំថ្ងៃ។
មូលហេតុសំខាន់ៗចំនួន 2 ដែលធ្វើឱ្យអ្នកឲ្យជ្រុះសក់នោះ គឺកត្តាតំណពូជ និងបរិមាណអ័រម៉ូនភេទ Androgen កើនច្រើនពេក ដែលធ្វើឲ្យគល់សក់លែងរឹងមាំទៅជាងាយជ្រុះ ហើយបន្ថែមជាមួយកត្តារួមផ្សំផ្សេងៗទៀត ដូចជា ៖
• ស្ត្រេស
• គេងមិនគ្រប់គ្រាន់
• ប្រើប្រាស់សាប៊ូកក់សក់មិនត្រូវនឹងស្បែកក្បាល
• ផ្លាស់ប្តូរសាប៊ូកក់សក់ញឹកញាប់ពេក
• បរិយាកាសក្តៅខ្លាំង
• បម្រែបម្រួលអ័រម៉ូន (ស្រីៗ)
• គាប ឬកក់សក់ញឹកញាប់ពេក
• របបអាហារ
ឡេឌីស៍ សូមពាំនាំនូវដំណោះស្រាយមួយចំនួនដែលអាចជួយព្យាបាលបញ្ហាជ្រុះសក់ និងធ្វើឱ្យសរសៃសក់ដុះរឹងមាំពីខាងក្នុង ៖
វិធីព្យាបាលបញ្ហាជ្រុះសក់ពីខាងក្នុងដ៏មានប្រសិទ្ធិភាពបំផុតនោះ គឺតុល្យភាពអាហារូបត្ថម្ភសម្រាប់រាងកាយ។ ការទទួលទានរបបអាហារល្អ អាចធ្វើឱ្យសក់មានសុខភាពល្អ ដោយវាបានផ្តល់នូវជីវជាតិ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ចេញពីខាងក្នុង។ រីឯការទទួលទានអាហារដែលខ្វះជីវជាតិចិញ្ចឹមអាចនាំឲ្យរាងកាយខ្វះខាតនូវសារជាតិជាច្រើនដូចជា ប្រូតេអីន ជាតិខ្លាញ់ Carbohydrate និងសារជាតិចិញ្ចឹម (វីតាមីន និងជាតិរ៉ែ) បណ្ដាលឲ្យជ្រុះសក់។
អ្នកគួរគប្បីទទួលទានប្រភេទផ្លែឈើពណ៌ក្រហម ពណ៌លឿង និងពណ៌ទឹកក្រូច រួមមាន ការ៉ុត ដំឡូងជ្វា ម្ទេស និងឳឡឹក ព្រោះផ្លែឈើទាំងអស់នេះ គឺជាប្រភេទអាហារមានផ្ទុកវីតាមីនA ឬ បេតាការ៉ូទីនច្រើនជម្រុញការលូតលាស់សុខភាពនៃកោសិកាសក់។
បន្ថែមពីនេះ អ្នកអាចបរិភោគត្រីដែលមានជាតិខ្លាញ់ច្រើន និងមានផ្ទុកជាតិអាស៊ីត ខ្លាញ់ Omega-3 ផងដែរ ចំណែកការញ៉ាំ យ៉ាអួ និង អាហារដែលសម្បូរ វីតាមីនបេ 5 ក៏បានជួយចូលរួមបង្កើនចំនួនឈាមទៅដល់ស្បែកក្បាលជម្រុញដល់ការលូតលាស់សរសៃសក់មានសុខភាពរឹងមាំ។
អ្នកក៏អាចទទួលទានសាឡាត់, ស្ពៃ Spinach ដើម្បីបង្កើន Vitamin A និងទទួលទានស៊ុត គ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះ មានជាតិខ្លាញ់តិចដែលសម្បូរទៅដោយ វីតាមីន B7. ជាតិដែក, folate និង វីតាមីនស៊ី ជួយឲ្យស្បែកក្បាលរឹងមាំ និង សក់ទន់រលោង។