សមរាត្រី ឬ “Equinox” បានឱ្យដឹងថាជា បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលរយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត អាចមើលឃើញច្បាស់ពីគុកតារាជ។
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះកើតឡើងចំនួន 2 ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី21 ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី21 ខែកញ្ញា។
ចំពោះសមរាត្រីរដូវប្រាំងលើទឹកដីអង្គរឆ្នាំនេះ នឹងកើតឡើងនៅចន្លោះថ្ងៃ 21-23 ខែមីនា។ សូមកុំភ្លេចទៅទស្សនាទាំងអស់គ្នា ព្រោះថាព្រឹត្តិការណ៍ដ៏អច្ឆរិយៈនេះ កើតមានតែនៅប្រាសាទអង្គរវត្តមួយគត់ ក្នុងពិភពលោក។

ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត មិនមែនជារឿងចៃដន្យទេ នេះជាការណ៍ពិសេសដែលបាតុភូតធម្មជាតិដ៏អស្ចារ្យមួយនេះ កើតឡើងនៅលើប្រាសាទបុរាណខ្មែរ។ វាប្រៀបបានដូចជាការបង្ហាញអំពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលបានរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ ដើម្បីបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។
សូមរម្លឹកថា ភ្ញៀវទេសចរគ្រប់រូបត្រូវធ្វើដំណើរឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តពីព្រលឹមវេលាម៉ោង 5 ព្រឹក ដើម្បីទាន់ដំណើរព្រះអាទិត្យចាប់រះពីម៉ោង 6 ព្រឹក រួចថតផ្តិតយករូបភាពដ៏វិសេសវិសាលនៃព្រឹត្តិការណ៍ទាំងមូលទុកជាអនុស្សាវរីយ៍។