ក្រោយពីការចេញផ្សាយអាល់ប៊ុមចម្រៀងរបស់ Beyoncé ដែលមានឈ្មោះថា “Cowboy Carter” តារាចម្រៀងដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោករូបនេះបានចាប់យកម៉ូតសម្លៀកបំពាក់ដែលបំផុសគំនិតលោកខាងលិចម្តងហើយម្តងទៀត ជាមួយស្បែកជើងកវែង Boots និងខោខូវប៊យ ដែលនេះហាក់ដូចកំពុងកាន់កាប់តំណែងធំនៅក្នុងពិភពនៃម៉ូតពេញនិយម។ លើសពីនេះនៅមានតារាល្បីៗជាច្រើនទៀតបានបំផុសគំនិតនិន្នាការហ្វេសិននារីគង្វាលគោ “Cowgirl” រួមមាន Bella Hadid, Katie Holmes និង Gisele Bündchen ពួកគេបានចាប់យករបៀបក្នុងការតុបតែងខ្លួនតាមទំនោរនេះ ដោយលេងស្ទីលជាឈុតខូវប៊យពីក្បាលដល់ចុងជើង សំពត់ខ្លីស្បែក និងស្បែងជើងកវែង ផ្គួបផ្សំជាមួយអាវស្បែកក្រៅ។
នារីគង្វាលគោ ត្រូវបានគេឱ្យនិយមន័យថា ជានារីដែលមានបង្កប់នូវភាពក្លាហានក្នុងខ្លួន ឯករាជ្យភាព និងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយទឹកដីកំណើតរបស់ខ្លួន។ ហ្វេសិន “ Cowgirl” ត្រូវបានយកលំនាំតាមភាពអង់អាចនេះ មកច្នៃជាម៉ូតសម្លៀកបំពាក់ដើម្បីបំផុសគំនិតពីអំពីប្រភពដើម និងឥទ្ធិពលនៃវប្បធម៌។
ការរួមបញ្ចូលគ្នានៃខោខូវប៊យ និងស្បែកជើងកវែងគង្វាលគោ ជារឿយៗត្រូវបានចាត់ថ្នាក់ថាធម្មតា ឬសាមញ្ញ ប៉ុន្តែមានវិធីក្នុងការតុបតែងខ្លួនជាច្រើន ដែលអាចផ្តល់ឱ្យស្ទីលនារីគង្វាលគោរបស់អ្នកមានភាពទាក់ទាញនៅក្នុងវិស័យហ្វេសិន។