ពេលវេលាដ៏អស្ចារ្យដែលភ្ញៀវទេសចរជាតិ និងអត្តរជាតិទាំងអស់ តែងតែទន្ទឹងរង់ចាំបានមកដល់ទៀតហើយ នោះគឺជាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2024 ខាងមុខនេះ
សមរាត្រី ឬ “Equinox” បានឱ្យដឹងថាជា បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលរយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត អាចមើលឃើញច្បាស់ពីគុកតារាជ។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះកើតឡើងចំនួន 2ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី21 ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី21 ខែកញ្ញា។
សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងមិនមែនជារឿងចៃដន្យទេ វាពិតជាពិសេសណាស់សម្រាប់បាតុភូតធម្មជាតិមួយនេះ កើតឡើងនៅលើប្រាសាទបុរាណខ្មែរ។ ខណៈវាហាក់បីដូចជាបង្ហាញអំពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលបានរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ ដើម្បីបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។
ព្រឹត្តិការណ៍សមរាត្រីនេះ ត្រូវបានអ្នកបុរាណវិទូជឿថាជាអច្ឆរិយភាពដែលកើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ រីឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោកមិនអាចរៀបចំដូចបានទេ។ ដូច្នេះហើយ សូមកុំភ្លេចធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានតែមួយគត់ក្នុងពិភពលោកទាំងអស់គ្នា។
ភ្ញៀវទេសចរគ្រប់រូបអាចធ្វើដំណើរឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តពីព្រលឹមវេលាម៉ោង 5 ព្រឹក ដើម្បីទាន់ដំណើរព្រះអាទិត្យចាប់រះពីម៉ោង 6 ព្រឹក រួចថតផ្តិតយករូបភាពដ៏វិសេសវិសាលនៃព្រឹត្តិការណ៍ទាំងមូលទុកជាអនុស្សាវរីយ៍។