ស្បែកមុខមនុស្សម្នាក់ៗមានប្រភេទខុសៗគ្នា អាស្រ័យទៅលើអរម៉ូនសរីរាង្គកាយរបស់ពួកគេ។ ហើយប្រភេទស្បែកទាំងនោះរួមមាន ស្បែកធម្មតា ស្បែកស្ងួត ស្បែកខ្លាញ់ ស្បែកចម្រុះ (ស្ងួតលាយខ្លាញ់) និងប្រភេទស្បែងាយរងប្រតិកម្ម។
ដោយហេតុតែមានប្រភេទស្បែកខុសៗគ្នាបែបនេះហើយ ទើបអ្នកត្រូវស្វែងយល់អំពីវិធីសាស្រ្តក្នុងការមើលថែទាំសុខភាពស្បែកឱ្យសមស្របទៅនឹងសភាពស្បែកនីមួយៗ ដើម្បីចៀសវាងបញ្ហាផ្សេងៗកើតមានឡើងដូចជា ឡើងមុន បែកសង្វា ស្បែកស្ងួតគ្រើម និងបញ្ហាស្បែកផ្សេងទៀត។ ប៉ុន្តែ អ្វីដែលអ្នកគួរស្វែងយល់បន្ថែមនោះគឺ សភាពនៃប្រភេទស្បែកក៏អាចប្រែប្រួលទៅតាមអាកាសធាតុ និងបរិស្ថានជុំវិញខ្លួនដូចគ្នា ប្រសិនបើអាកាសធាតុក្តៅពេក អាចបណ្តាលឱ្យស្បែកអ្នកឡើងខ្លាញ់ ហើយបើចុះត្រជាក់ រួមទាំងស្បែកអ្នករងប្រតិកម្មភ្លាមៗបើសិនជាអ្នកជ្រើសរើសផលិតផលខុសមកលាបនៅលើស្បែក។
ការស្វែងយល់ដឹងអំពីប្រភេទស្បែករបស់អ្នក អាចជួយឱ្យអ្នកយល់ដឹងអំពីរបៀបក្នុងការថែទាំដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ។
ស្បែកធម្មតា
ស្បែកធម្មតា គឺជាស្បែកដែលមានតុល្យភាពជាតិប្រេង និងជាតិទឹក ដោយមិនមានអារម្មណ៍ថាស្ងួតខ្លាំង ឬខ្លាញ់ខ្លាំងឡើយ។ ប្រសិនបើអ្នកមានប្រភេទស្បែកធម្មតាបែបនេះ អ្នកមិនងាយជួបប្រទះបញ្ហាជាមួយនឹងការបែកញើសស្បែកខ្លាំង ឬប្រតិកម្មជាមួយផលិតផលនោះទេ។
ស្បែកស្ងួត
ស្បែកស្ងួត ដែលហៅម្យ៉ាងទៀតថា Xerosis ឬ Xeroderm ស្បែកប្រភេទនេះគឺមានការខ្វះជាតិទឹក និងអសមត្ថភាពក្នុងការរក្សាសំណើមដល់ស្បែក។ ប្រសិនបើស្រទាប់ខាងលើនៃស្បែក បាត់បង់សំណើមលឿនពេក នោះវានឹងបណ្តាលឱ្យស្បែរបស់អ្នកស្ងួតខ្លាំង ហើយបង្កទៅជាំបញ្ហាមួយចំនួនដូចជាំ ស្បែកគ្រើម រមាស់ មានសភាពតឹងខ្លាំងពេក។
ស្បែកខ្លាញ់
ប្រភេទស្បែកនេះ គឺមានការផលិតជាតិខ្លាញ់នៅលើស្បែកខ្លាំងលើសកម្រិត។ ខ្លាញ់ទាំងនោះផលិតដោយក្រពេញ Sebaceous នៅក្នុងរន្ធញើសរបស់អ្នក ប្រសិនបើអ្នកមានស្បែកខ្លាញ់ ស្បែករបស់អ្នកច្រើនតែមើលទៅឃើញសភាពភ្លឺរលោង និងសើមៗ។ ប្រភេទស្បែកខ្លាញ់នេះងាយរងនឹងការកើតមុន ព្រោះកំណើននៃខ្លាញ់ច្រើនអាចបណ្តាលឱ្យស្ទះរន្ធញើស។
ស្បែកចម្រុះ
ស្បែកចម្រុះ គឺជាស្បែកដែលមានការរួមបញ្ចូលទាំងសភាពខ្លាញ់ និងសភាពស្ងួត។ ជាធម្មតា ស្បែកប្រភេទនេះគឺមានជាតិខ្លាញ់ស្ថិតនៅលើតំបន់ T (ថ្ងាស ច្រមុះ និងចង្កា) ហើយស្បែកស្ងួតគឺស្ថិតនៅលើតំបន់ថ្ពាល់។
ស្បែកងាយរងប្រតិកម្ម
ស្បែកប្រភេទនេះមានរបាំងស្បែកដែលងាយរងការខូចខាត និងប្រតិកម្មជាមួយនឹងផលិតផលផ្សេងៗ ហើយតែងបណ្តាលឱ្យកើតមានស្បែករមាស់ និងរលាក កើតមានមុនប្រតិកម្ម។ ជាពិសេសបន្ទាប់ពីប៉ះពាល់ជាមួយផលិតផល។ ប្រសិនបើអ្នកមានស្បែករងងាយប្រតិកម្ម អ្នកអាចប្រឈមមុខនឹងការឡើងក្រហម ហើម រលាក ស្បែកមានសភាពរបក និងស្នាមក្រិនបន្ទាប់ពីមានការប្រតិកម្មកើតឡើង។