ការមកដូវជាប្រចាំខែអាចធ្វើឱ្យស្រ្តីមានអារម្មណ៍មិនស្រណុក មួរម៉ៅ និងកើតជាបញ្ហាឈឺចុកចាប់ដូចជា ឈឺពោះ អស់កម្លាំង ល្ហិតល្ហៃ រមួលក្រពើ និងវិលមុខជាដើម។ ដូច្នេះ ប្រសិនបើអ្នកមិនបានស្វែងយល់ទៅលើអ្វីដែលគួរចៀសវាងកុំធ្វើក្នុងកំឡុងពេលមករដូវនោះទេ វានឹងបន្ថែមកម្រិតនៃការឈឺចុកចាប់ ជាពិសេសគឺបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងនៅថ្ងៃអនាគត។
ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកគួរចៀសវាង ក្នុងកំឡុងពេលមករដូវ ៖
ប្រភេទអាហារមួយចំនួន
ប្រភេទអាហារខ្លះអាចបង្កជាបញ្ហាដល់អ្នក ប្រសិនបើអ្នកបរិភោគនៅពេលកំពុងមករដូវប្រចាំខែ។ ស្រ្តីគួរចៀសវាងកុំបរិភោគ ប្រភេទអាហារបំពងខ្លាញ់ អាហារផ្អាប់ អាហារផ្អែម ឬប្រៃខ្លាំង ជាពិសេសកុំបរិភោគអាហារកែថ្នៃ ដូចជាគ្រឿងកំប៉ុងជាដើម ព្រោះប្រភេទអាហារទាំងនោះមានឥទ្ធិពលក្នុងការបន្ថែមការឈឺចាប់រ៉ាំរ៉ៃ និងបង្កឱ្យកើតមានជំងឺប្រចាំកាយធ្ងន់ធ្ងរទៅថ្ងៃក្រោយ។
ប្រើប្រាស់សំឡីតែមួយពេញមួយថ្ងៃ
នេះជារឿងអាក្រក់បំផុត ប្រសិនបើអ្នកមិនទម្លាប់ផ្លាស់ប្តូរសំឡីថ្មីរៀងរាល់ អ្នកគួរផ្លាស់ប្តូរសំឡីរៀងរាល់ ១ ទៅ ២ម៉ោងម្តង ដើម្បីកុំឱ្យមានការកើតរោគបាក់តេរីផ្សេងៗ។ ការផ្អាប់សំឡីយូរ បង្កផលប៉ះពាល់អាក្រក់ណាស់ដល់សុខភាពទ្វារមាស និងស្បូនរបស់អ្នក ជាពិសេសបង្កឱ្យមានក្លិនមិនល្អ។
ចូលគេងយឺត
អ្នកគួរតែទទួលទានដំណេកឱ្យសមស្របទៅនឹងបរិមាណគ្រប់គ្រាន់ ចន្លោះពី ៧ ទៅ ៨ម៉ោងក្នុងមួយយប់ ព្រោះថាការមករដូវអាចធ្វើឱ្យស្រ្តីមានអារម្មណ៍ថាអស់កម្លាំង និងហត់នឿយខ្លាំងដោយសារការធ្លាក់ឈាម។
កាហ្វេ
ជាតិកាហ្វេអ៊ីន មានឥទ្ធិពលក្នុងការបង្កលំហូរឈាមរបស់អ្នក។ ការទទួលទានកាហ្វេនៅកំឡុងពេលមករដូវ មិនមែនជារឿងល្អនោះទេ វាអាចធ្វើឱ្យរដូវរបស់ស្រ្តីមកតិចបំផុត និងបង្កទៅជាបញ្ហាស្បូនពេលស្រ្តីចាស់ទៅ។
រួមភេទដោយមិនបានការពារ
មានពាក្យចរចាមអារាមជាច្រើនបាននិយាយថា ការរួមភេទកំឡុងពេលមករដូវមិនបណ្តាលឱ្យមានផ្ទៃពោះទេ ប៉ុន្តែនេះជាការយល់ខុស ម្យ៉ាងប្រសិនបើអ្នករួមភេទដោយមិនបានការពារក្នុងពេលនេះ វាក៏បង្កឱ្យមានការឆ្លងជំងឺកាមរោគផ្សេងៗផងដែរ។