ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ(USAID) ប្រចាំប្រទេសកម្ពុជាបានប្រារព្ធអបអរសាទរការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍននៅក្នុងទិវាអន្តរជាតិសម្រាប់យុវជន ក្នុងនោះដែរ សម្រាប់យុវជនកម្ពុជាបានបង្កើនគំនិត និងទេពកោសល្យឌីជីថលរបស់ពួកគេនៅក្នុងព្រឹត្តការរបស់គម្រោង USAID Advancing Youth Leadership (AYL) ក្នុងរាជធានីភ្នំពេញកាលពីដើមសប្ដាហ៍កន្លងមកនេះ ដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់យុវជន។ ប្រធានបទនៃព្រឹត្តិការណ៍ “ពីការចុចឆ្ពោះទៅកាន់វឌ្ឍនភាព៖ គន្លងឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” បានប្រមូលផ្តុំយុវជនជាង ២៥០នាក់ មកពីអង្គការក្នុងស្រុក ក្នុងគោលបំណងបង្ហាញពីរបៀបដែលយុវជនប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសហគមន៍របស់ពួកគេ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក USAID។
អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះថា៖ “ខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុជាជាងមួយឆ្នាំកន្លះហើយ ហើយបានធ្វើដំណើរទៅខេត្តមួយចំនួន និងបានជួបយុវជនជាច្រើននាក់។ ខ្ញុំត្រូវតែនិយាយថា ការដែលបានជួបយុវជនកាន់តែច្រើននាក់ ខ្ញុំកាន់តែស្ងើចសរសើរចំពោះភាពប៉ិនប្រសប់ ធនធាន និងស្មារតីរួមដែលបង្ហាញដោយយុវជនកម្ពុជា”។
លោកស្រីបានបន្ដថា ព្រឹត្តិការណ៍នេះបានបង្ហាញពីការពិភាក្សារបស់ក្រុមយុវជនអំពីឱកាស និងបញ្ហាប្រឈមក្នុងការអនុវត្តដំណោះស្រាយឌីជីថលក្នុងសកម្មភាពអភិវឌ្ឍន៍។ ព្រឹត្តិការនេះក៏មានវគ្គបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត ដែលរួមមានទាំងវិធីដើម្បីចៀសវាងឧក្រិដ្ឋកម្ម និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។
វាគ្មិនវ័យក្មេងម្នាក់ឈ្មោះ ធឿន ធី ជាយុវជនជនជាតិដើមភាគតិច តំណាងឱ្យសហគមន៍កួយបានចែករំលែកបទពិសោធរបស់គាត់ក្នុងការផ្តល់ការបណ្តុះបណ្តាលផ្នែកឌីជីថលដល់យុវជនកួយដទៃទៀត និងការបង្កើតគេហទំព័រដើម្បីផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងវប្បធម៌របស់គាត់តាមប្រព័ន្ធអ៊ីនធឺណិត។
ចំណែក ប៊ុនថា សុមាវត្តី ជាយុវជនម្នាក់មកពីទីក្រុងភ្នំពេញ បានធ្វើបទបង្ហាញអំពីគម្រោងសហគមន៍ដឹកនាំដោយយុវជនមានឈ្មោះថា Tech Box ដែលគម្រោងនេះមានគោលបំណងគាំទ្រដល់សិស្សានុសិស្សវិទ្យាល័យអាចពិចារណាជម្រើសនៃជំនាញសិក្សានៅសាកលវិទ្យាល័យ។
ព្រឹត្តិការណ៍នេះសហការរៀបចំដោយអង្គការក្នុងស្រុកមួយនៅប្រទេសកម្ពុជា ដែលមានឈ្មោះថា Glean Asia ដឹកនាំដោយលោក Jesse Orndorff ជានាយកប្រតិបត្តិ លោកបានចែករំលែកថា៖ “យើងពិតជារំភើប និងមានកិត្តិយសដែលបានសហការជាមួយ USAID និងធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើង។ គោលដៅរបស់យើងគឺប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីបង្កើតសង្គមប្រកបដោយនិរន្តរភាព។ ព្រឹត្តិការណ៍នេះគឺជាវេទិកាដ៏ល្អឥតខ្ចោះ សម្រាប់យុវជនក្នុងការបំផុសគំនិតឱ្យក្លាយជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា និងប្រើប្រាស់សក្តានុពលបច្ចេកវិទ្យារបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងសង្គម។”
តារាចម្រៀងដ៏មានប្រជាប្រិយភាពរបស់កម្ពុជា លោក ម៉ម ពេជ្ជរិទ្ធ បានសម្តែងបទចម្រៀង រួមមាន “This is Our Time” និងបានចែករំលែកសារលើកទឹកចិត្តជាមួយអ្នកចូលរួមអំពី សក្តានុពលរបស់ពួកគេក្នុងការរួមចំណែកដល់សង្គម។
បន្ទាប់ពីការធ្វើបទបង្ហាញ យុវជនមានឱកាសចូលរួមចែករំលែកនៅតាមស្តង់ពិព័រណ៍អន្តរសកម្មចំនួនប្រាំបី ហើយយុវជនក៏ត្រូវបានអញ្ជើញឲ្យចូលរួមចែករំលែកលើប្រធានបទឌីជីថលផ្សេងៗ តាមរយៈឧបករណ៍ផ្សព្វផ្សាយដូចជា វីដេអូ រូបថត ការថតសំឡេង និងគំនូរឌីជីថល។ មាតិកាឌីជីថលថ្មីៗដែលបានបង្កើតតាមរយៈស្តង់ទាំងនេះនឹងត្រូវបានចងក្រង និងចែករំលែកតាមរយៈទំព័រហ្វេសប៊ុករបស់កម្មវិធី AYL នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
អ្នកស្រី Nicole Johnson ប្រធានគ្រប់គ្រងគម្រោងបានថ្លែងថា៖ “កម្មវិធី USAID Advancing Youth Leadership មានមោទនភាពក្នុងការចាប់ដៃគូជាមួយអង្គការក្នុងស្រុកជាច្រើនដែលគាំទ្រយុវជនឱ្យសម្លឹងមើលពិភពជុំវិញពួកគេ ហើយគិតពីវិធីថ្មីៗ និងល្អៗ ដើម្បីដោះស្រាយបញ្ហាវិសមភាព និងបញ្ហារួមក្នុងសហគមន៍។”
អ្នកស្រីបានបន្ថែមថា៖ “តាមរយៈព្រឹត្តិការណ៍ដូចជាទិវាអន្តរជាតិសម្រាប់យុវជន យើងអាចអបអរសាទរការងារទាំងនោះ និងបំផុសយុវជនផ្សេងទៀតឱ្យប្រើប្រាស់សក្តានុពលរបស់ខ្លួនក្នុងការរួមចំណែកដល់សហគមន៍” ។ សូមជម្រាបជូនថា AYL គឺជាកម្មវិធីរយៈពេលប្រាំឆ្នាំដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងនាមជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ដំណើរការនយោបាយ និងការសន្ទនាគោលនយោបាយ។ កម្មវិធី AYL អនុវត្តន៍ដោយ Chemonics International៕
ប្រភព៖ USAID , AKP