តើអ្នកដឹងទេ? ផ្លែល្មុត ជាប្រភេទផ្លែឈើដែលមានគុណប្រយោជន៍ការពារអ្នកពីការកើតនូវជំងឺមហារីកពោះវៀន ម្យ៉ាងផ្លែឈើនេះថែមទាំងមានឱជារសផ្អែមឆ្ងាញ់ជាប់មាត់ទៀតផង។
ប្រសិនបើអ្នកទទួលទានផ្លែល្មុតជាប្រចាំ នោះអ្នកនឹងទទួលបានជំនួយការពិសេសទៅលើប្រព័ន្ធរំលាយអាហារទទួលបានដំណើរការល្អ ដែលជារបាំងការពារកុំឱ្យមានផលប៉ះពាល់ដល់សុខភាពពោះវៀនរបស់អ្នក និងអាចការពាររោគជំងឺមហារីកបានយ៉ាងល្អប្រសើរ។ ផ្លែល្មុតក៏ស្ថិតក្នុងក្រុមផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃ (Fiber) ច្រើនផងដែរ។
ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា នៅក្នុងផ្លែល្មុតសម្បូរទៅដោយស្ករ Fructose និងមានកាកសរសៃអាហារនៅក្នុងបរិមាណច្រើនដែលហុចផលល្អដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក។ ក្រៅពីនេះ ផ្លែល្មុតក៏មានផ្ទុកនូវសារធាតុជាច្រើនផ្សេងទៀតដូចជា ផូស្វ័រ កាល់ស្យូម វីតាមីន A និង វីតាមីន C។
គ្រឿងផ្សំក្នុងការធ្វើទឹកល្មុត ៖
• ល្មុត 1 ផ្លែ
• ទឹកបរិសុទ្ធ 1 កែវ
• អំបិល ¼ ស្លាបព្រាកាហ្វេ
• ទឹកកក 1 កែវ
វិធីធ្វើ ៖
1. ត្រៀមគ្រឿងផ្សំនីមួយៗឱ្យគ្រប់តាមចំនួនដែលរៀបរាប់ខាងលើ
2. យកផ្លែល្មុតទៅចិតសំបក ហើយយកគ្រាប់ចេញ យកតែសាច់ល្មុតប៉ុណ្ណោះ បន្ទាប់មកដាក់ចូលក្នុងម៉ាស៊ីនទឹកក្រឡុក
3. បន្ថែមអំបិល ទឹកបរិសុទ្ធ និងទឹកកកចូលទៅក្នុងម៉ាស៊ីនក្រឡុក
4. រួចចាប់ផ្តើមក្រឡុក គ្រឿងផ្សំទាំងអស់ឱ្យម៉ត់ចូលគ្នាក្លាយទៅជាទឹកក្រឡុក
5. សូមអ្នកទទួលទានភ្លាមៗទាំងនៅត្រជាក់ ដើម្បីកាត់បន្ថយអាការក្រហាយពោះ