ការសិក្សាបានបង្ហាញពីទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍រវាងសមាធិ និងការបង្កើន IQ ។ ភាពវៃឆ្លាតត្រូវបានបែងចែកជាពីរប្រភេទគឺ បញ្ញារឹង (Hard Intelligence) និង បញ្ញាទន់ (Fluid Intelligence)។
ការបង្កើនបញ្ញារឹង គឺងាយស្រួលដោយការរៀនសូត្រពី ការអាន ការស្តាប់ និងការប្រមូលព័ត៌មាន។ ប៉ុន្តែការបង្កើនបញ្ញាទន់ គឺពិបាកជាង ព្រោះវាទាក់ទងនឹងសមត្ថភាពបត់បែនក្នុងស្ថានភាពផ្សេងៗ មិនមែនគ្រាន់តែជាការអនុវត្តចំណេះដឹងដែលធ្លាប់បានរៀននោះទេ។
បញ្ញារឹង គឺជាសមត្ថភាពក្នុងការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពព័ត៌មាន ជំនាញ និងបទពិសោធន៍ដែលអ្នករៀន ដើម្បីដោះស្រាយបញ្ហាស្រដៀងគ្នា។
បញ្ញាទន់ គឺជាសមត្ថភាពក្នុងការកំណត់ព័ត៌មាន និងប្រើប្រាស់ការគិត ដើម្បីដោះស្រាយបញ្ហាថ្មីៗ ដោយមិនគិតពីអាយុ ឬបទពិសោធន៍ទេ ប៉ុន្តែផ្អែកលើភាពច្នៃប្រឌិត ការយល់ឃើញ និងចក្ខុវិស័យ។
តាមរយៈការសិក្សាថ្មីៗបានបង្ហាញថា ការធ្វើសមាធិ អាចជួយបង្កើនបញ្ញាទន់ និង IQ ។ ការធ្វើសមាធិមិនត្រឹមតែជួយដល់ផ្នែកសុខភាពប៉ុណ្ណោះទេ តែថែមទាំងកាត់បន្ថយភាពតានតឹង ធ្វើឲ្យអារម្មណ៍ប្រសើរឡើង ព្រមទាំងបង្កើតតុល្យភាពផ្លូវអារម្មណ៍ទៀតផង នេះបើតាមការស្រាវជ្រាវរបស់ Siegfried Othmer។ ការស្រាវជ្រាវរបស់គាត់បានបង្ហាញយ៉ាងច្បាស់ថាអ្នកធ្វើសមាធិជាប្រចាំ ពួកគេនឹងទទួលបានអត្ថប្រយោជន៍រយៈពេលវែងដូចជា មានភាពច្នៃប្រឌិត ផ្ចង់អារម្មណ៍បានល្អ មានការគោរពខ្លួនឯងខ្ពស់ជាងមុន។ ការសិក្សាមួយផ្សេងទៀតក៏បានបង្ហាញដែរថា ការធ្វើសមាធិ ២០ នាទីក្នុងមួយថ្ងៃរយៈពេល ៤ ថ្ងៃអាចជួយបង្កើនការចងចាំ ការយល់ដឹង និងកាត់បន្ថយភាពតានតឹង។
មូលហេតុដែលសមាធិជួយបង្កើន IQ គឺដោយសារវាជួយជម្រុញយ៉ាងសកម្មនូវសមត្ថភាពធម្មជាតិរបស់ខួរក្បាលក្នុងការផ្លាស់ប្តូរ និងសម្របរចនាសម្ព័ន្ធ និងមុខងាររបស់វា ដោយចូលរួមក្នុងសកម្មភាពជំរុញការភ្ជាប់សរសៃប្រសាទថ្មី។ ការផ្ចង់អារម្មណ៍ក្នុងពេលសមាធិ ជួយឲ្យខួរក្បាលបានសម្រាក និងធ្វើឲ្យភាពឆ្លាតវៃប្រសើរឡើង។
មានវិធីជាច្រើនដើម្បីចាប់ផ្តើមធ្វើសមាធិដូចជាកម្មវិធី Headspace ឬ LifeFlow ដែលប្រើចង្វាក់ប៉ារ៉ាឡែលដើម្បីជំរុញសកម្មភាពខួរក្បាល។ អ្នកក៏អាចធ្វើសមាធិបែបបុរាណដោយអង្គុយបិទភ្នែកផ្ចង់អារម្មណ៍លើដង្ហើម ឬស្តាប់តន្ត្រីស្ងប់ស្ងាត់។