ការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលបាគង (Bakong) នឹងជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ខ្មែរអោយកាន់តែទូលំទូលាយបន្ថែមទៀត ដោយគ្រោងនឹងបើកការបង់ប្រាក់ឆ្លងប្រទេសដោយប្រើប្រព័ន្ធបាគងជាមួយឥណ្ឌានៅដើមខែមិថុនា និងកំពុងធ្វើការជាមួយភាគីជប៉ុន។
ដោយយោងតាមការចុះផ្សាយរបស់ Nikkei Asia ដោយបានធ្វើការសម្ភាសន៍ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិកម្ពុជា ស្តីពីការទូទាត់តាមឌីជីថលរបស់កម្ពុជា តាមរយៈប្រព័ន្ធទូទាត់ បាគង ក្នុងដែលលោកជំទាវ ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានៃវេទិកា Nikkei Forum លើកទី២៩ ក្រោមមូលបទ “អនាគតនៃទ្វីបអាស៊ី” ដែលរៀបចំឡើងដោយសារព័ត៌មានជប៉ុន Nikkei Asia កាលពីថ្ងៃ២៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងនោះក៏បានបង្ហាញដែរថា ការទូទាត់ជាង ៨០ភាគរយនៃសេដ្ឋកិច្ចកម្ពុជានៅតែប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក។ មើលឃើញបែបនេះ ធនាគារជាតិកំពុងជំរុញប្រាក់រៀលខ្មែរឲ្យដើរតួនាទីកាន់តែសំខាន់នៅក្នុងការប្រតិបត្តិការទូទាត់។
ចំពោះការទូទាត់តាមរយៈប្រព័ន្ធបាគងគឺមានការកើនឡើងដល់ ៧០ពាន់លានដុល្លារ បើគិតចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០២០មក។ សម្រាប់ប្រតិបត្តិការក្នុងស្រុកដែលប្រព័ន្ធបាគងអាចធ្វើឡើងជាប្រាក់រៀល ឬដុល្លារ ដោយបានធ្វើប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកមានចំនួន ២០ពាន់លានដុល្លារនៃចំនួនប្រតិបត្តិការសរុបក្នុងឆ្នាំ២០២៣ ដែលច្រើនជាង២ដងបើធៀបឆ្នាំ២០២២។
ប្រព័ន្ធបាគងត្រូវបានដំណើរការនៃការប្រើប្រាស់រួចរហើយសម្រាប់ការទូទាត់តាមរយៈ QR រវាងកម្ពុជា ថៃ ឡាវ និង វៀតណាម ព្រមទាំងសេវាដែលពាក់ព័ន្ធនឹង UnionPay របស់ចិន។ ការបង់ប្រាក់ឆ្លងដែនទាំងនេះអាចអនុវត្តទៅបានតែចំពោះប្រាក់រៀលប៉ុណ្ណោះ។ ប្រជាជនកម្ពុជាត្រូវមានគណនីប្រាក់រៀលបាគង ដើម្បីទូទាត់ប្រាក់នៅតាមប្រទេសទាំងនោះ។ ឧទាហរណ៍ នៅភ្ញៀវទេសចរថៃអាចធ្វើប្រតិបត្តិការទូទាត់ QR នៅកម្ពុជាបាន លុះត្រាតែកន្លែងដែលពួកគេកំពុងទិញទំនិញមានទទួលយកប្រាក់រៀល។
មុខងារទូទាត់ឆ្លងព្រំដែន (Cross-border QR code payments) ជាមធ្យោបាយមួយដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយសារវាលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មបើកគណនី និងទទួលយកការទូទាត់ជាប្រាក់រៀល។
ធនាគារជាតិនៃកម្ពុជា គ្រោងនឹងបើកការបង់ប្រាក់ឆ្លងប្រទេសដោយប្រើប្រព័ន្ធបាគងជាមួយឥណ្ឌានៅដើមខែមិថុនា និងកំពុងធ្វើការជាមួយភាគីជប៉ុន ដោយធនាគារជាតិ បន្តក្នុងការស្វែងរកប្រទេសផ្សេងទៀតសម្រាប់ធ្វើប្រតិបត្តិការ ការទូទាត់ឆ្លងដែននេះ។
បច្ចុប្បន្ន ប្រព័ន្ធបាគងមានការប្រើប្រាស់ប្រហែល ១០លានគណនីនៅកម្ពុជា ខណៈប្រជាជនសរុបមានចំនួនជាង១៧លាននាក់។ ប្រព័ន្ធបាគងជាផ្នែកមួយដ៏សំខាន់សម្រាប់ការប្រើប្រាស់រូបបិយប័ណ្ណក្នុងស្រុករបស់កម្ពុជា ដោយរដ្ឋាភិបាលកម្ពុជានឹងកំពុងទទួលយកការបង់ពន្ធ និងបើកប្រាក់ខែមន្ត្រីរាជការជាប្រាក់រៀល។
ជុំវិញនឹងរូបិយប័ណ្ណឌីជីថល ថ្មីៗនេះទីក្រុងហុងកុងបានអនុញ្ញាតឱ្យប្រជាជនបើកកាបូបឌីជីថលជាមួយនឹងប្រាក់យ័នឌីជីថលរបស់ចិន ដែលអ្នកខ្លះចាត់ទុកថាជាជំហានឆ្ពោះទៅរកការធ្វើអន្តរកម្មទូទាត់ឌីជីថលមួយដែលគេហៅថា e-CNY ។ ដោយធនាគារជាតិបានបង្ហាញថា ការធ្វើជាអន្តរជាតិនៃប្រាក់យ័នឌីជីថលជាផ្លូវមួយដ៏វែងឆ្ងាយដែលរូបិយប័ណ្ណនេះទំនងជាមានន័យសម្រាប់ប្រតិបត្តិការក្នុងស្រុកប៉ុណ្ណោះ។
សម្រាប់ការធ្វើរូបិយប័ណ្ណឌីជីថលជាអន្តរជាតិនឹងតម្រូវឱ្យមានការរួមបញ្ចូលបច្ចេកវិទ្យាផ្សេងៗគ្នាដែលប្រើប្រាស់នៅក្នុងប្រទេសនានា។ តួយ៉ាងដូចជា ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន Soramitsu ប្រើប្រាស់ទម្រង់ blockchain Hyperledger Iroha ផងដែរ៕