ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃ កម្ពុជា និងធនាគាររដ្ឋវៀតណាម បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) ក្រោមក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។ ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) នេះនឹងជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ឥឡូវនេះប្រជាជនកម្ពុជា និងវៀតណាមអាចស្កេនទូទាត់តាមរយៈកូត QR ទៅវិញទៅមកបានហើយ។
តាមរយៈគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនដែលបាន ប្រកាសដាក់ឱ្យប្រើប្រាស់នេះ ប្រជាជនកម្ពុជាដែលមានគណនីធនាគារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុងប្រតិបត្តិការទូទាត់ជាប្រាក់ដុង វៀតណាមដោយស្កេន VietQR កូដ របស់ពាណិជ្ជករ ឫតាមបណ្តាហាងទំនិញ សេវាកម្មនៅប្រទេសវៀតណាម ។ ដូចគ្នាដែរ ប្រជាជនវៀតណាម ដែលមានគណនីធនាគារជាប្រាក់ដុងវៀតណាម ក៍អាចស្កេន KHQR កូដ របស់ពាណិជ្ជករ ឫតាមបណ្តាហាងទំនិញ សេវាកម្មនៅប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីទូទាត់ថ្លៃទំនិញ ឫសេវាកម្មប្រាក់រៀលផងដែរ ។
អត្ថបទ៖ សិរីរិទ្ធ