ធនាគារជាតិនៃកម្ពុជា កំពង់រៀបចំដាក់អោយដំណើរការប្រព័ន្ទទូទាត់បាគងសម្រាប់អ្នកទេសចរ (App Bakong ) ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកកម្ពុជាឱ្យងាកមកប្រើប្រាស់នូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលវិញ។
ធនាគារជាតិបានបង្ហាញថា នៅពេលភ្ញៀវទេសចរចូលមកដល់កម្ពុជា ពួកគេអាចទាញយកកម្មវិធីបាគង (App Bakong) ដើម្បីប្រើប្រាស់បានដែរ។ បើទោះបីជាអ្នកទេសចរមិនមាន គណនីធនាគារក្នុងស្រុក ដើម្បីដកលុយបំពេញនៅក្នុងកាបូបអេឡិចត្រូនិក (E-Wallet) បាគងក៏ដោយ ក៏ពួកគេអាចប្រើ Credit Card ដែលមានពីប្រទេសខ្លួន ដូចជា Visa Card, Master Card ឬ UnionPay… ជាដើម ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មនានាបានដែរ។
ប្រព័ន្ធ«បាគង» ដែលធនាគារជាតិគ្រោងដាក់ដំណើការនេះ នឹងជួយឱ្យទេសចរអន្តរជាតិងាយស្រួលទូទាត់ប្រាក់នៅកម្ពុជា។ ការណ៍នេះ មិនត្រឹមតែធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិទទួលបានបទពិសោធថ្មី ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល (Cash Digital Experian) នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យទេសចរណ៍។
បច្ចុប្បន្ន ធនាគារជាតិបានអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីធ្វើឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលកាន់តែងាយស្រួលប្រសិទ្ធភាព និងឆាប់រហ័ស មិនថាការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងឆ្លងដែននោះទេ គឺសំដៅដល់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់់កម្ពុជា ។
ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ ប្រព័ន្ធបាគងបានបំពេញមុខងារកាន់តែសម្បូរបែបដល់អ្នកប្រើប្រាស់ដែលបានជំរុញឱ្យប្រើប្រព័ន្ធនេះកើនឡើងជាបន្តបន្ទាប់ និងរួមចំណែកក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនិងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ បើតាមលោកស្រី ជា សិរី បច្ចុប្បន្នធនាគារមានទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ វៀតណាម ក្រុមហ៊ុនអន្តរជាតិ UnionPay និងកំពុងពង្រីកជាមួយប្រទេសក្នុងតំបន់និងដៃគូសហការ ដូចជា ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និងក្រុមហ៊ុនអន្តរជាតិ Alipay ជាដើម។
កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា ចុះផ្សាយទាក់ទងទៅនឹង
យុទ្ធនាការប្តូរក្រដាសប្រាក់ ចាស់ ទក់ និងរហែក ដោយធនាគារបានបញ្ជាក់ថា សាធារណជន ដែលមានក្រដាសប្រាក់ ចាស់ ទក់ និងរហែក អាចទៅប្តូរប្រាក់ដោយមិនគិតកម្រៃសេវា នៅតាមទីតាំងសំខាន់ៗ នៅតាមបណ្តារាជធានី-ខេត្តចំនួន១៩ នៅថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។
ធនាគារជាតិបានបញ្ជាក់បន្ថែមថា ទឹកប្រាក់ដែលប្តូរបាននឹងត្រូវផ្ទេរជូនតាមរយៈគណនីធនាគារ ឬគណនីបាគងរបស់លោកអ្នកភ្លាមៗនៅនឹងកន្លែង។
បន្ទាប់មកទៀតកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ ធនាគារជាតិ បានបន្តបើកកិច្ចប្រជុំមួយលើការសម្របសម្រួលចរាចរក្រដាសប្រាក់ដុល្លារអាមេរិក ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅខេត្តសៀមរាប ក្នុងគោលបំណងស្វែអរកដំណោះស្រាយរួមគ្នា ទៅលើការសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប។
នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសាកសួរតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពីគោលការណន៍នានារបស់គ្រឹះស្ថាននីមួយៗ ពាក់ព័ន្ធនឹងប្រតិបត្តិការពិនិត្យ និងទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ទក់ រហែក និងបានជំរុញលើកចិត្តឲ្យតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុលើកឡើងពីបទពិសោធន៍ បញ្ហាប្រឈម ក៏ដូចជាការលំបាកជាក់ស្តែងនានាដែលគ្រឹះស្ថានបានជួបប្រទះ ពាក់ព័ន្ធនឹងប្រតិបត្តិការទទួលប្រាក់ដុល្លារអាមេរិកពីអតិថិជន។
ចំពោះយន្តការបន្ទាប់ ដែលនឹងត្រូវអនុវត្តនៅខេត្តសៀមរាប មាន ៤ចំណុចដែលត្រូវដាក់មកអនុវត្ត រួមមាន ៖
១)- តម្រូវឲ្យសាខាធនាគារពណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិក ចាស់ ឬ ប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាក្រដាសក្លែងក្លាយ។
២)- ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគូរបន្តឲ្យចរាចរនៅលើទីផ្សារបាន ធនាគាពាណិជ្ជកនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។
៣)- តម្រូវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាប ដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង ៥០ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ដុល្លារអាមេរិក នៅក្នុងទូម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការដាក់ម៉ាស៊ីនដាក់ប្រាក់គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។
៤)- រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន ដើម្បីអោយយល់កាន់តែច្បាស់ និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តយន្តការបន្តទៀត។
ដោយនៅក្នុងនោះ នៅមានយន្តការបន្តទៀតដែលត្រូវយកមកអនុវត្តដោយមានពីរចំណុច ១)- ជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourst App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា ២)- សហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាបស្រាលជ្រើស ដើម្បីកំណត់លក្ខខណ្ឌស្តង់ដារមួយ ដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ជ្រើសរបស់ធនាគារជាតិ និងធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជនិងធនាគារពាណិជ្ជ។
គួរជម្រាបថា ក្នុងរយៈពេល៥ខែមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,៩លានដុល្លារ កើន២២,១ភាគរយ ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងចំណោមទេសចរទាំងនេះ ទេសចរថៃឈរនៅលំដាប់ទី១ មានក្នុងចំនួន ៧៧ម៉ឺននាក់, លំដាប់លេខ២ គឺទេសចរវៀតណាម មាន៥២ម៉ឺននាក់។ បន្ទាប់មក គឺទេសចរចិនដែលបានមកកម្សាន្តនៅកម្ពុជា ក្នុងចំនួន៣២ម៉ឺននាក់។
ដោយឡែក ខេត្តសៀមរាប មានភ្ញៀវទេសចរបរទេសជាង៥២ម៉ឺននាក់ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងឆមាសទី១ ឆ្នាំ២០២៤។ ចំនួននេះ បានធ្វើឱ្យគ្រឹះស្ថានអង្គររកចំណូលបានជាង ២៤ លានដុល្លារ កើនឡើងជាង៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕