ក្រុមប្រឹក្សាងភិវឌ្ឍន៍កម្ពុជា (CDC) បានទទួលជួបកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនិងវិនិយោគអូស្រ្តាលី ដែលមកពីបណ្តាក្រុមហ៊ុនវិស័យសំខាន់ៗ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលការនិយោយោគរបស់ប្រទេសកម្ពុជា។
នៅក្នុងជំនួបពិភាក្សានោះ គឺធ្វើឡើងកាលពីរសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៤ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនិងវិនិយោគអូស្រ្តាលី ដឹកនាំដោយឯកឧត្តម ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និង លោក តាំង សិទ្ធី ប្រធានសភាពាណិជ្ចកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន។ កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីធុរជនអូស្រ្តាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន និងមន្រ្តីបច្ចេកទេសនៃគណៈកម្មាធិការវិនិយោគកម្ពុជាសរុបប្រមាណ ៣០រូប ។
គណៈប្រតិភូធុរកិច្ចអូស្រ្តាលីដែលមកពីបណ្ដាក្រុមហ៊ុនក្នុងវិស័យសំខាន់ៗ ដូចជា កសិ-ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ថាមពលបៃតង សួនឧស្សាហកម្មនិងកម្មន្តសាល មានគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រព្រឹត្តទៅដ៏ជោគជ័យនៃវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងអំឡុងពេលដែលសម្ដេចបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
ទាំងនេះគឺជាកិច្ចពិភាក្សាដ៏ល្អមួយសម្រាប់ កម្ពុជា និងអូស្ត្រាលី ហើយបន្ទាប់ពីបានជួបកិច្ចពិភាក្សារួចមក កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិនអូស្ត្រាលី នឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខៗ។
គួរកត់សម្គាល់ផងដែរថា គណៈប្រតិភូធុរកិច្ចអូស្រ្តាលី បានបង្ហាញអំពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្ដានុពលរបស់កម្ពុជា ក្នុងវិស័យថាមពលបៃតង ទេសចរណ៍ កសិចំណីអាហារ និងការបង្កេីតតំបន់សេដ្ឋកិច្ចពិសេស។