រដូវក្តៅហួតហែងខ្លាំងពេក អាចជះឥទ្ធិពលដល់រាងកាយរបស់អ្នកឱ្យមានការខ្សោះជាតិទឹក ល្ហិតល្ហៃ អស់កម្លាំង និងសីតុណ្ណភាពនៅក្នុងខ្លួនប្រាណមានការកើនឡើងខ្លាំង។ ការទទួលទានអាហារដែលជំនួយសុខភាពល្អនៅក្នុងអំឡុងពេលអាកាសធាតុក្តៅ គឺមានសារៈ សម្រាប់ការរក្សាជាតិទឹកក្នុងខ្លួន និងការបំពេញសារធាតុចិញ្ចឹមសំខាន់ៗដែលបាត់បង់ដោយសារកំដៅក្តៅ ឬបែកញើសដោយការបញ្ចេញសកម្មភាពប្រចាំថ្ងៃ។
ការទទួលទានទឺកបានច្រើន មិនបានប្រាកដថាបានរក្សាភាពត្រជាក់នៃរូបរាងកាយរបស់អ្នក 100% ទេ ផ្ទុយទៅវិញអ្នកគួរតែបរិភោគនូវប្រភេទផ្លែឈើមួយចំនួនដែលមានផ្ទុកវីតាមីនច្រើន និងលើកកម្ពស់ជាតិទឹកខ្ពស់នៅក្នុងខ្លួនអ្នក លើសពីនេះមានឱជារសឆ្ងាញ់ពិសា។
អ្នកគួរតែជ្រើសរើសទទួលទាននូវប្រភេទផ្លែឈើណាដែលមានជាតិកាឡូរីទាប ប៉ុន្តែរក្សាបានជាតិទឹកខ្ពស់ និងសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ ជាពិសេសគឺសារធាតុប្រឆាំងអុកស៊ីតកម្ម។
ឡេឌីស៍ សូមណែនាំនូវប្រភេទផ្លែឈើដែលជាប់ឈ្មោះដ៏ល្បីល្បាញបំផុតនារដូវក្តៅនេះ សម្រាប់ទទួលទាននិងបង្កប់ដោយគុណប្រយោជន៍យ៉ាងច្រើន ៖
ផ្លែត្រសក់
នៅក្នុងផ្លែត្រសក់មានផ្ទុកជាតិទឹកប្រមាណ 95% ហើយចំពោះសារធាតុកាឡូរី កាបូអ៊ីដ្រាត អំបិល ខ្លាញ់ល្អ រួមទាំងកូលេស្តេរ៉ូលនៅក្នុងកម្រិតទាប ដែលជាហេតុធ្វើឱ្យត្រសក់ពិតជាមានសារសំខាន់ណាស់ចំពោះរាងកាយនារដូវក្តៅនេះ។ ត្រសក់ក៏ជាប្រភពនៃវីតាមីន C ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក ការពារកុំឱ្យកើតជំងឺនានា។ អ្នកអាចបរិភោគត្រសក់ដោយផ្ទាល់ ឬផ្សំជាមួយសាឡាដ និងធ្វើជាមុខម្ហូបផ្សេងៗតាមចំណង់ចំណូលចិត្ត។
ផ្លែពោត
ផ្លែពោត គឹជាអាហារសម្បូរជាតិកាបូអ៊ីដ្រាត ដែលសម្បូរទៅដោយជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ រីឯសារធាតុ Lutein និង Zeaxanthin គឺជាសារធាតុ Carotenoids ពីរអាចចូលរួមប្រឆាំងនឹងជំងឺភ្នែកឡើងបាយ ដែលប៉ះពាល់មកពីពន្លឺព្រះអាទិត្យ។
ផ្លែឪឡឹក
ផ្លែឪឡឹក គឺជាជម្រើសអាហារដ៏ល្អបំផុតមួយដែលអ្នកគួរពិចារណាក្នុងការទទួលទាននារដូវក្តៅព្រោះនៅក្នុងផ្លែឈើនេះគឺមានជាតិទឹកខ្ពស់ ក៏ដូចជាអេឡិចត្រូលីត ដូច ប៉ូតាស្យូម ក្នុងការជួយបង្កើនសារធាតុរ៉ែដែលបាត់បង់តាមរយៈការបែកញើស។
ទឹកដូង
ទឹកដូង គឺជាភេសជ្ជៈពីធម្មជាតិដែលសំបូរទៅដោយអេឡិចត្រូលីត អាចជួយបំពេញជាតិរ៉ែ និងជាតិទឹកដែលបាត់បង់ពីរាងកាយតាមរយៈការបែកញើសក្នុងអំឡុងពេលអាកាសធាតុក្តៅ លើសពីនេះវាក៏ជាប្រភពដ៏ល្អនៃប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជាជម្រើសដ៏ល្អបំផុតចំពោះការបំពេញជាតិទឹក។
ផ្លែត្រសក់ស្រូវ
ការទទួលទានផ្លែត្រសក់ស្រូវនារដូវក្តៅមានសារសំខាន់ណាស់ ព្រោះអ្នកអាចទទួលបានជាតិទឹកពីសាច់ផ្លែឈើធម្មជាតិមួយនេះបានច្រើន និងមានសារជាតិវីតាមីន C ដូចគ្នា។