កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ប្រាក់រៀលរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ដោយមានការចូលរួមពី លោក លី ស៊ីដេត ឧបការីទេសាភិបាល និងជាអគ្គបេឡា ធនាគារជាតិនៃកម្ពុជា និងលោក Adam Nezval ប្រធានប្រតិបត្តិការសាច់ប្រាក់ និងក្រដាសប្រាក់លក់ដុំ (Head of Wholesale Banknotes & Cash Operations) ប្រចាំប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់នៃក្រុមហ៊ុន Travelex។
កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex ក្នុងការដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅប្រទេសអូស្រ្តាលីនេះ នឹងជួយសម្រួលឱ្យភ្ញៀវទេសចរអូស្រ្តាលី ដែលធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា និងភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅប្រទេសអូស្រ្តាលីអាចប្តូរប្រាក់រៀលយកប្រាក់ដុល្លារអូស្ត្រាលី ឬប្តូរប្រាក់ដុល្លារអូស្រ្តាលីយកប្រាក់រៀលបានងាយស្រួល។ ការណ៍នេះ នឹងរួមចំណែកជួយជម្រុញភ្ញៀវទេសចរអូស្រ្តាលីឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ ទន្ទឹមនឹងនេះ វត្តមានប្រាក់រៀលនៅលើតារាងជួញដូរក្នុងប្រទេសអូស្រ្តាលី ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរលើទីផ្សារអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត ក៏ដូចជាការទទួលស្គាល់កាន់តែទូលំទូលាយលើប្រាក់រៀល។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀលអស់រយៈពេលជាងពីរទសវត្សកន្លងមក។
សូមបញ្ជាក់ជូនផងដែរ ថា នេះគឺជាលើកទី ៤ ហើយដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីនៅអាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន អាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន និងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី។
