សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានសហការជាមួយនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីពិព័រណ៌មិនអចិន្ត្រៃយ៍រយៈពេល ២ខែ ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ ស្តីពី “ការផលិត និងប្រើប្រាស់កុលាភាជន៍នៅតំបន់អង្គរ” ដើម្បីអនុញ្ញាត្តជូនដល់សាធារណជនចូលទស្សនា និងស្រាវជ្រាវ។
យោងតាមប្រសាសន៍របស់ លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរ នៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាលនិងផ្សព្វផ្សាយបានឱ្យដឹងថា លាលភាជន៍ប្រមាណ ២០ប្រភេទ ដែលផលិតនាសម័យអង្គរ ជាពិសេសនៅចុងសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៤ រួមមាន៖ ក្រឡ ផើង ក្អម ដន្លាប់ ចាន ពែង ខួច និងការផលិតក្បឿងជា ដែលមនុស្សសម័យបុរាណតែងប្រើប្រាស់ប្រចាំថ្ងៃ។ កុលាលភាជន៍ទាំងនោះ ភាគច្រើនមានប្រភពមកពីស្ថានីយ៍ផលិតភាជន៍ថ្នល់ម្រេចភ្នំគូលែន និងស្ថានីយ៍ផលិតភាជន៍សសី។
លោក ឆាយ រចនា បន្ថែមថា ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ មានគោលបំណងចង់ឱ្យសាធារណជន បានយល់ដឹងពីឧស្សាហកម្មកុលាលភាជន៍នៅក្នុងសង្គមខ្មែរ ដែលមានការរីកចម្រើនខ្លាំង។ ការណ៍នេះ បង្ហាញថា ក្នុងអរិយធម៌ខ្មែរនាសម័យបុរាណ កុលាលភាជន៍ ក្រៅពីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងព្រះបរមរាជវាំងរហូតដល់ពលរដ្ឋធម្មតាប៉ុណ្ណោះទេ សូម្បីកិច្ចពិធីគោរពបូជាផ្សេងៗ ឬសម្រាប់រក្សាទុកអធិធាតុរបស់បុព្វការីជនក៏មានដែរ។


គួរជម្រាបដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០ល្ងាច។

ខ្មែរ
English








