ប្រតិភូក្រសួងទេសចរណ៍នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism EXPO Japan 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤-៣០ ខែកញ្ញា ឆ្នាំ២០២៤។
ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ Tourism EXPO Japan 2024 នេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្កានុពលលើវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន ជាមួយ កម្ពុជា-ជប៉ុន និងអន្តរជាតិ ស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “ បង្កើន៥ អភិវឌ្ឍ៣ ” របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ ទស្សនាសៀមរាប ឆ្នាំ២០២៤ ” សំដៅទាក់ទាញទេសចរ និងវិនិយោគិនជប៉ុន ក៏ដូចជាទេសចរ និងវិនិយោគគិននៃបណ្តាប្រទេសក្នុងតំបន់ឲ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ក្រុសួងទេសចរណ៍ បានអំពាវនាវសល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ និងដៃគូពាក់ព័ន្ធ ចូលរួមពិព័រណ៍ Tourism EXPO Japan 2024 នេះ ដើម្បីជំរុញការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ និងត្រៀមរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ផ្សេងៗសម្រាប់ទីផ្សារទេសចរណ៍ជប៉ុន ដែលជាទីផ្សារទេសចរណ៍ធំមួយក្នុងចំណោមទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ របស់កម្ពុជា។
សូមជំរាបជូនថា ពិព័រណ៍ទេសចរជប៉ុន (TEJ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយរបស់ប្រទេសជប៉ុន និងសម្រាប់បង្កើនទំនាក់ទំនងល្អជាមួយវិស័យទេសចរណ៍នៅលើពិភពលោក។