កម្មវិធីសន្និសីទសារព័ត៌មានស្ដីពីការប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 ដែលប្រមូលផ្ដុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក មកជួបជុំគ្នានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គុជ បញ្ញសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង លោក Maximillion Cooper នាយកប្រតិបត្តិ និងស្ថាបនិក Gumball 3000 និងភ្ញៀវកេត្តិយសជាច្រើនទៀត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងនាមកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ GUMBALL 3000 ព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្តទំនើបៗលំដាប់សេដ្ឋី GUMBALL 3000 ដែលបានធ្វើដំណើរជួបជុំគ្នាជុំវិញពិភពលោក ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។
ព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្តទំនើបៗលំដាប់សេដ្ឋី GUMBALL 3000 ពិតជាទទួលបានផលវិជ្ជមានមកដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍ ដែលបានជួយជំរុញផ្សព្វផ្សាយ ទៅដល់ពិភពលោក តាមរយៈព្រឹិត្តការណ៍ដ៏អស្ចារ្យមួយនេះ។
សម្រាប់កម្មវិធីលំដាប់ពិភពលោកមួយនេះក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ជីប ម៉ុង គ្រុប និង ក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីបណ្ដាញផ្សព្វផ្សាយធំៗក្នុងស្រុក ព្រឹត្តិការណ៍ GUMBALL 3000 បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា។ ជាពិសេស គឺវិស័យទេសចរណ៍តែម្ដង។
សារសំខាន់នៃការបង្កើតព្រឹត្តិការណ៍ដ៏ធំមួយនេះ មិនមែនត្រឹមតែជាកម្មវិធីបង្អូតឡានទំនើបៗនោះទេ គឺក្នុងគោលបំណងជួយជំរុញផ្សព្វផ្សាយទៅដល់ប្រទេសដែលជាម្ចាស់ផ្ទះ ហើយកម្មវិធីនេះគឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ដោយសហគ្រិនជនជាតិអង់គ្លេស Maximillion Cooper។ ក្នុងនោះដែរសារប្រយោជន៍សំខាន់ៗដែលកម្ពុជា ទទួលបាននោះរួមមាន៖
១.សកម្មភាពសប្បុរសធម៌
កម្មវិធីនេះនឹងមានការចូលរួមពីសំណាក់បុគ្គលល្បីៗ ដូចជា YouTuber អ្នកចម្រៀង អ្នកជំនួញ ម្ចាស់ក្រុមហ៊ុនធំៗ ទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីការចូលរួមជាមួយរថយន្តទំនើបៗរបស់ពួកគេ ក៏នឹងមានការបរិច្ចាគថវិកាជាច្រើន ដើម្បីជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ។ ម្ចាស់រថយន្តទំនើបៗមិនតិចជាង ៥០០ គ្រឿងទេ ដែលនឹងបរិច្ចាគថវិការាប់រយដុល្លារទៅកាន់មន្ទីរពេទ្យកុមារអង្គរ។
២.ជំរុញវិស័យទេសចរណ៍
តាមរយៈការចូលរួមពីសំណាក់បុគ្គលល្បីៗលើពិភពលោក ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នឹងនាំឱ្យបណ្ដាញសារព័ត៌មានធំៗ បណ្ដាញផ្សព្វផ្សាយសង្គមនានា នឹងចាប់អារម្មណ៍ ហើយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។ ជាក់ស្ដែង ការប្រមូលផ្ដុំរថយន្តទំនើបៗ Super car, Sport car នៅតាមតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា នឹងនាំឱ្យបរទេសកាន់តែស្គាល់ប្រទេសកម្ពុជា។ ជាពិសេសការចតរថយន្តទំនើបៗច្រើនបំផុត នៅមុខប្រាសាទអង្គរ ដែលមិនធ្លាប់មានពីមុន ដែលរូបភាពនេះនឹងទាក់ទាញការចាប់អារម្មណ៍ខ្លាំង។ រូបភាព និងវីដេអូនានា នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈម្ចាស់រថយន្តដែលបានចូលរួម និងបណ្ដាញផ្សព្វផ្សាយនានា។ ការចតរថយន្តទំនើបៗច្រើនបំផុតនៅបរិវេណប្រាសាទអង្គរនេះដែរ នឹងឈានទៅដល់ការបំបែកកំណត់ត្រាពិភពលោកទៀតផង។
៣.ចំណេញដល់វិស័យសេដ្ឋកិច្ចជាតិ
ព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងប្រមូលផ្ដុំសុទ្ធតែអ្នកជំនួញធំៗ តារាល្បីៗ មកពីជុំវិញពិភពលោក ធ្វើដំណើរមកកាន់កម្ពុជា ដែលពួកគេនឹងមកចាយលុយក្នុងប្រទេសកម្ពុជា។ អ្នកទទួលបានប្រយោជន៍ គឺប្រជាជន តាមរយៈសេវាបដិសណ្ឋារកិច្ច ម្ហូបអាហារ ការស្នាក់នៅជាដើម។ នេះក៏ជាចំណែកមួយបង្កើតចំណូលសម្រាប់ប្រជាជន តាមរយៈការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ពីសំណាក់ម្ចាស់រថយន្តទំនើបៗមិនតិចជាង ៥០០គ្រឿងទេ៕