វិទ្យាស្ថានបារាំង និងស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំព្រឹត្តិការណ៍វប្បធម៌អបអរសាទរហ្រ្វង់កូហ្វូនី ក្នុងគោលបំណងលើកកម្ពស់ភាសាបារាំង និងរំលេចវប្បធម៌នៃប្រទេសដែលប្រើប្រាស់ភាសាបារាំង ដែលមានរយៈ 10ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី12 រហូតដល់ថ្ងៃទី22 ខែមីនា ឆ្នាំ 2025។
“ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី” តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅក្នុង ខែមីនា… ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ដែលជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំភាសាបារាំង ព្រមទាំងផ្តល់ជូននូវសកម្មភាពចម្រុះដែលបង្ហាញអំពីភាពស្រស់ស្អាត និងសម្បូរបែបនៃពិភពលោកដែលប្រើប្រាស់ភាសាបារាំង។
អ្នកចូលរួម នឹងមានជំនួបជាមួយ លោក Jean-Louis Tripp ដែលជាអ្នកនិពន្ធសៀវភៅកំប្លែងដ៏ល្បីល្បាញ និងរីករាយជាមួយការសម្ដែងចម្រៀង និងសិល្បៈនៃការថ្លែងការជាសាធារណៈផ្សេងៗ។ បន្ថែមពីនេះ ក៏មានការចាក់បញ្ចាំងភាពយន្ត ក្រោមស្នាដៃអ្នកដឹកនាំមកពីទុយនីស៊ី ម៉ារ៉ុក កាណាដា និងកូតឌីវ័រផងដែរ។
អ្វីដែលកាន់តែពិសេសនោះគឺ ការស្តាប់រឿងនិទានរបស់ជនជាតិ Ivoirian និងការប្រគុំតន្ត្រីរបស់សិល្បករ Arthur Ribo និងតន្រ្តីករព្យ៉ាណូ Roch Havet ។

នៅឆ្នាំនេះ វិទ្យាស្ថានបារាំងកម្ពុជាបានបើកជូនសាធារណជនទូទៅចូលរួមដោយសេរី ដើម្បីក្លាយទៅជាកម្លាំងចលករនៃភាពរីករាយ ការបណ្តុះគំនិត និងកិច្ចសន្ទនាដែលផ្តោតលើ ព្រឹត្តិការណ៍នានា និងសកម្មភាពបង្ហាត់បង្រៀន។
គួររម្លឹកផងដែរថា ស្ថានទូតបារាំង តែងផ្តល់ការគាំទ្រដល់ការបង្រៀនភាសាបារាំងនៅក្នុងប្រព័ន្ធអប់រំកម្ពុជា ដោយបណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំង និងរៀបចំឱ្យមានសកម្មភាពជំនួបជួបជុំនានាសម្រាប់សិស្សានុសិស្ស ដើម្បីលើកស្ទួយភាពទាក់ទាញនៃភាសាបារាំងនៅក្នុងប្រព័ន្ធអប់រំ។