ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ ដែលមានកិច្ចសហការរួមគ្នាកម្ពុជា ឡាវ និងវៀតណាម ដែលរៀបចំលើកដំបូង នៅសៀមរាប ទទួលបានអ្នកចូលរួមសរុបចំនួន ៥,៣២៧នាក់ មកពី ១៤ប្រទេស ដែលជាសមាជិករបស់សហព័ន្ធកីឡាអត្តពលកម្មអាស៊ី ខណៈប្រទេសចូលរួមច្រើនជាងគេ គឺវៀតណាម ជប៉ុន និងឡាវ ដែលរៀបចំឡើងនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងព្រឹត្តិការណ៍នោះផងដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសទេសរដ្ឋមន្រ្តី ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ បានបង្ហាញថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ ជាការប្រកួតកីឡាកម្រិតជំនាញ ដែលរៀបចំឡើងនៅប្រទេសចំនួន ៣ រួមមានកម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្តល់ឱកាសដល់អត្តពលិកម៉ារ៉ាតុងកម្រិតជំនាញនៅជុំវិញពិភពលោកធ្វើការអភិវឌ្ឍគុណវុឌ្ឍិ និងឧត្តមភាពរបស់ខ្លួន។
លោក សែម ផល្លា នាយកបច្ចេកទេសព្រឹត្តិការណ៍ម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់ក្តីរំពឹងថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិឥណ្ឌូចិន នៅអង្គរវត្តនេះ មិនអាចមានអ្នកចូលរួមរត់ដល់៤ពាន់នាក់ទេ ដោយសារមានរយៈពេលរៀបចំមិនដល់៣សប្តាហ៍ផង។
ប៉ុន្តែជាក់ស្តែង ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ឥណ្ឌូចិន នៅអង្គរវត្ត កាលពីព្រឹកថ្ងៃអាទិត្យនោះ គឺមានអត្តពលិកជាតិ-អន្ដរជាតិកម្រិតជំនាញ និងស្ម័គ្រចិត្ត ចូលរួមសរុប៥ ៣២៧ នាក់ មកពី១៤ប្រទេស ដែលជាសមាជិករបស់សហព័ន្ធកីឡាអត្តពលកម្មអាស៊ី ហើយអត្តពលិកមកពីប្រទេសវៀតណាម ជប៉ុន និងឡាវ មានចំនួនច្រើនជាងគេ។
ចំណែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលម្អិតបន្ថែមថា អត្តពលិកដែលបានចូលរួមរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិននេះ គឺភាគច្រើនជាកីឡាករ កីឡាការិនីអាជីព ហើយអត្តពលិកជម្រើសជាតិកម្ពុជា ក៏បានចូលរួមព្រឹត្តិការណ៍នេះដូចគ្នា ដើម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ក្នុងការពង្រឹងបច្ចេកទេស និងជំនាញរបស់ខ្លួនឱ្យបានកាន់តែប្រសើរ ត្រៀមការប្រកួតអន្តរជាតិ ជាពិសេសការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥។
ការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃអាទិត្យនេះ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ៕