រឿង ឃ្លាតទៅសែនឆ្ងាយ ដែលជាស្នាដៃនិពន្ធរបស់ផលិតករខ្មែរ លោក ឆាយ បូរ៉ា នឹងត្រូវចាក់បញ្ចាំងឡើងវិញម្តងទៀត នៅថ្ងៃទី 27-28 ខែ កក្កដា ឆ្នាំ 2024 នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។ គោលបំណងនៃការចាក់បញ្ចាំងរឿងមួយនេះឡើងវិញ គឺដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានទស្សនា ស្វែងយល់ពីប្រវត្តិសាស្រ្តពិត ហើយក៏ដូចជាយកប្រាក់ពីការលក់សំបុត្រ ទៅជួយកម្មវិធីសប្បុរសធម៌។
ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុកមួយ លោក ឆាយ បូរ៉ា បាននិយាយថា “ការស្នើសុំយកខ្សែភាពយន្តរឿង ឃ្លាតទៅសែនឆ្ងាយ ទៅចាក់បញ្ចាំង ព្រោះមូលហេតុថា ក្មេងៗជំនាន់ក្រោយ មិនទាន់បានទស្សនា ត្បិតថារឿងនេះបានផលិតនិងចាក់បញ្ចាំង កាលពីយូរឆ្នាំមកហើយ ពោលគឺជាង 10 ឆ្នាំមុនមកម៉្លោះ។ ការលក់សំបុត្រ សម្រាប់និស្សិតនៅក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយអ្នកខាងក្រៅក៏អាចទិញសំបុត្រចូលទស្សនាបានដែរ ។”

បើយោងតាមអ្វីដែលលោក ឆាយ បូរ៉ា បានថ្លែងគឺការចាក់បញ្ចាំងភាពយន្តរបស់លោកលើកនេះ គឺហេតុផលធំ ដើម្បីប្រមូលប្រាក់យកទៅជួយកម្មវិធីសប្បុរសធម៌។ ហេតុផលមួយទៀត គឺដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយដែលមិនទាន់បានទស្សនាភាពយន្តរបស់លោក អាចទស្សនាបាន ព្រោះភាពយន្តនេះជារឿងល្អ និង និយាយអំពីប្រវត្តិសាស្រ្ត រឿងរ៉ាវពិតដែលលោកបានជួបផងដែរ។
គួរបញ្ជាក់ថា រឿងឃ្លាតទៅសែនឆ្ងាយ នឹងចាក់បញ្ចាំងនៅ សកលវិទ្យាល័យជាតិគ្រប់គ្រង សាល B នៅថ្ងៃទី 27-28 ខែកក្កដា ឆ្នាំ 2024 ដោយម៉ោងចាក់បញ្ចាំងមាន 2 គឺ ម៉ោង 9 ព្រឹក និង ម៉ោង 2 រសៀល។ ចំពោះសំបុត្រមានតម្លៃ 6000 រៀល ដោយថវិការទទួលបានពីការលក់សំបុត្រចូលទស្សនាខ្សែភាពយន្តនេះគឺជាការចូលរួមចំណែកវិភាគទានរបស់សិស្សនិស្សិតក្នុងការចូលរួមចំណែកជួយគាំទ្រក្នុងសកម្មភាពមនុស្សធម៌របស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជាសាកលវិទ្យាល័យជាតិគ្រប់គ្រង៕