ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី កើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង និងថ្ងៃទី២២ ខែកញ្ញា ម្ដងទៀត។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានទៅទស្សនាព្រះអាទិត្យរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។ ប៉ុន្តែដោយសារតែអាកាសធាតុមិនអំណោយផលមានភ្លៀងធ្លាក់ ពុំមានថ្ងៃរះទេ។ តែទោះជាយ៉ាងនេះក្តីភ្ញៀវទេសចរ ក៏បានបង្ហាញពីភាពសប្បាយរីករាយ និងភាពអស្ចារ្យមួយនេះ។
ភ្ញៀវទេសចរដែលមកពីតាមបណ្តាខេត្តផ្សេងៗគ្នា បានលើកឡើងថា ពួកគាត់ក្រោកពីយប់ទោះមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំងក៏ដោយ ក៏ពួកគាត់នៅតែធ្វើដំណើរមកកាន់ប្រាសាទអង្គរវត្ត មកអង្គុយរងចាំទស្សនា និងថតរូបព្រះអាទិត្យរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ដ៏អស្ចារ្យនេះ ពីព្រោះមិនមានប្រទេសណាមានព្រឹត្តិការណ៍បែបនេះដូចយើងនោះទេ ព្រោះអង្គរវត្តមានតែកម្ពុជាមួយគត់។
ភ្ញៀវទេសចរទាំងនេះបន្ថែមថា ថ្វីត្បិតអាកាសធាតុមិនអំណោយផល ពុំមានថ្ងៃរះ តែពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនបានមកប្រមូលផ្តុំគ្នា អមដោយអាធាតុត្រជាក់ទេសភាពស្រទន់ មើលទៅពិតជារំភើប និងអស្ចារ្យបែបទៀត។ ហើយពួកគាត់និងមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីនេះ នៅខែមីនាបន្តទៀត។
សូមជម្រាបថា ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់ និងថ្ងៃមានរយៈពេលស្មើគ្នា។ គឺជាវេលាមង្គលដ៏ធំមួយនៃប្រពៃណីខ្មែរបុរាណ៕