China Town ជាឈ្មោះដែលគេសំដៅទៅដល់តំបន់មានប្រជាជនចិនរស់នៅច្រើន ក្រៅពីប្រទេសចិន។ China Town មាននៅគ្រប់ទិសទី នៅប្រទេសនានាជុំវិញពិភពលោក ដូចជាសហរដ្ឋអាមេរិក ថៃ អូស្ត្រាលី អង់គ្លេស និង ប្រទេសមួយចំនួនទៀត។ តំបន់នេះ បានអភិវឌ្ឍន៍ក្លាយជាកន្លែងសម្រាប់លក់អាហារបែបចិន កន្លែងសម្រាប់ដើរកម្សាន្តនាពេលរាត្រី និង កន្លែងដែលប្រមូលផ្តុំទៅដោយសំណង់ស្ថាបត្យកម្មចិន បុរាណ។
១. China Town ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក
នេះជាកន្លែងល្បីល្បាញនៅពេលគេនិយាយពីជនជាតិអាស៊ី ដែលរស់នៅសហរដ្ឋអាមេរិក។ China Town ក្នុងទីក្រុងញូយ៉ក ស្ថិតនៅតំបន់ Lower Manhattan ជាប់នឹង Little Italy។ ហាង ឌីមសាំ ដំបូងបំផុតនៅញូយ៉ក ត្រូវបានបង្កើតឡើងនៅក្នុងតំបន់សហគមន៍ចិនដ៏ធំមួយនេះ។ ក្រៅពីនោះ នៅមានហាងលក់អាហារចិន ជាច្រើនផ្សេងទៀត ដែលធ្វើឱ្យអ្នកដែលបានឈានជើងចូលទៅដល់ មានអារម្មណ៍ថាហាក់កំពុងស្ថិតនៅ ប្រទេសចិន។
២. China Town ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស
មានទីតាំងស្ថិតនៅក្នុងកណ្តាលទីក្រុងឡុងដ៏ បេះដូងនៃចក្រភពអង់គ្លេស China Town បាននាំយកនូវប្រពៃណី វប្បធម៌រស់នៅ និង អាហារហូបចុកបែបអាស៊ីទៅកាន់ អឺរ៉ុប។ ហាងអាហារចិន ជាច្រើនគេអាចរកបាននៅទីនោះ មានដូចជាហាងលក់ឌីមសាំ ហាងលក់ទាខ្វៃ និង ហាងលក់វត្ថុអនុស្សាវរីយ៍ របស់ជនជាតិចិន។
៣. China Town ទីក្រុង Vancouver ប្រទេសកាណាដា
នេះជា China Town នៅក្នុងប្រទេសកាណាដា ដែលមិនខុសគ្នាប៉ុន្មានពី China Town នៅក្នុងប្រទេសផ្សេងទេ។ អាហារចិនឆ្ងាញ់ៗ និងសំណង់អគារចិនបុរាណ បានបង្ហាញឱ្យឃើញពីវប្បធម៌របៀបរបបរស់នៅ របស់ជនជាតិអាស៊ីដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។
៤. China Town ទីក្រុង លីម៉ា ប្រទេសប៉េរូ
មិនមានអ្វីចម្លែកទេ ដោយតំបន់ China Town មាននៅក្នុងប្រទេសប៉េរូ ដោយសារតែចំនួនប្រជាជនចិនដ៏ច្រើនមហិមា កំពុងរស់នៅតំបន់អាមេរិកឡាទីន។ ហាក់ខុសប្លែកពី China Town ដទៃផ្សេងទៀត តំបន់ដែលគេដាក់ឈ្មោះថាជា Little China នេះ មិនសម្បូរម្ហូបរសជាតិដើមបែបចិន នោះទេ ដោយភាគច្រើនគេឃើញមានម្ហូបរសជាតិ កាត់ចិន និង ប៉េរូ រួមបញ្ចូលគ្នា។ ប្រភពនៃម្ហូបទាំងនោះមិនមានប្រភពមកពីណាផ្សេងទេ គឺគេបង្កើតឡើង នៅតំបន់អាមេរិកឡាទីននេះផ្ទាល់តែម្តង។
៥. China Town ទីក្រុង ម៊ែលប៊ន ប្រទេសអូស្រ្តាលី
នេះជា China Town មានអាយុកាលចំណាស់ជាងគេនៅតំបន់ភាគខាងត្បូង ប្រទេសអូស្រ្តាលី។ តំបន់នេះ ស្ថិតនៅចំកណ្តាលទីប្រជុំជនមមាញឹក Central Business District ដែលផ្តល់ភាពងាយស្រួលសម្រាប់ការដើរកម្សាន្ត និង ភ្លក់ម្ហូបចិនឆ្ងាញ់ៗ។ China Town នៅក្នុងទីក្រុងម៊ែលប៊ន មានសារៈមន្ទីរចិន Chinese Museum សម្រាប់អ្នកចង់សិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសចិន។ លើសពីនេះ ក៏មាននូវភោជនីយដ្ឋាន សម្រាប់ទទួលទានអាហារនិង គ្រឿងភេសជ្ជៈចិន ផ្សេងៗ ហើយរួមទាំងកន្លែងសម្រាប់ច្រៀង ខារ៉ាអូខេ បារ រង្គសាល និង ក្លឹបកម្សាន្ត។
៦. China Town ទីក្រុងបាងកក ប្រទេសថៃ
ថៃ ជាប្រទេសមួយដែលមានចំនួនប្រជាជនចិន រស់នៅច្រើនគួរកត់សម្គាល់។ China Town នៅក្នុងក្រុងបាងកក ត្រូវបានគេស្គាល់ថាជាកន្លែងលក់អាហារតាមផ្លូវ street foods ដ៏ល្បីល្បាញប្រចាំប្រទេស។ មើលសំណង់អគារ និង ការតុបតែងហាងហាក់មានភាពទំនើបបន្តិច ប៉ុន្តែតំបន់នេះ បានកកើតឡើងជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ១៧៨២ មកម៉្លេះ ធ្វើឱ្យវាក្លាយជា China Town ដែលមានអាយុកាល ចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក។
៧. China Town ទីក្រុង San Francisco រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក
នេះជា China Town មូយផ្សេងទៀតដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក។ តំបន់នេះជា China Town មានទំហំធំបំផុត ដែលនៅក្រៅតំបន់អាស៊ី និង មានវ័យចំណាស់បំផុតនៅទ្វីបអាមេរិក។ ស្ថិតនៅកណ្តាល Stockton Street និង Grant Avenue វាជាទីតាំងដែលគេអាចរកទិញបាននូវអាហារ និង ភេសជ្ជៈរបស់ចិន ដែលមានដូចជា ឌីមសាំ នំប័ុងដុតរសជាតិដើមបែបប្រពៃណី ទឹកតែគុជ Boba Tea ដ៏ពេញនិយម ហាងលក់ cocktails និង ហាងខារ៉ាអូខេ សម្រាប់ច្រៀងកម្សាន្តអារម្មណ៍៕