មជ្ឈមណ្ឌលភាសាអាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនបានរៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ដែលបានធ្វើឡើងនៅទីក្រុងសៀមរាប ប្រទេសកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីបង្ហាញពីវប្បធម៌ ប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
ក្នុងពិធីផ្សព្វផ្សាយនេះដែរ កញ្ញា ចំរើន ពិធីការិនីនៃវិទ្យុមិត្តភាពកម្ពុជាចិន បានអញ្ជើញតារាអិនធឺណិតល្បីឈ្មោះ នៅប្រទេសកម្ពុជា មកជួបលេងកម្សាន្តជាមួយប្រជាជនក្នុងស្រុក និង ភ្ញៀវទេសចរអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ចំពោះសកម្មភាពនេះ ក៏មានរៀបចំយ៉ាងផ្ចិតផ្ចង់នូវវគ្គផ្សេងៗដូចជា ការប្រកួតធ្វើកាយវិការរបាំអប្សរារបស់កម្ពុជា ការធ្វើផ្លិតបុរាណចិនដែលជាសម្បត្តិបេតិកភណ្ឌអរូបី និងការទទួលបទពិសោធន៍ស្លៀកសម្លៀកបំពាក់ជនជាតិហានរបស់ប្រទេសចិន។ ទស្សនិកជននៅទីតាំងផ្ទាល់ និង ពិធីការិនី បានរួមគ្នាសម្កែងរបាំកាយវិការដៃ លើប្រធានបទ “HI, CHINA”។ នៅទីតាំងផ្ទាល់មានមនុស្សប្រមាណជាង៣០០នាក់ បានចូលរួមក្នុងសកម្មភាពនេះ។
ក្នុងពេលដែលពិធីការិនីបានធ្វើបទសម្ភាសន៍ ទស្សនិកជននៅទីតាំងកម្មវិធីផ្ទាល់បាននិយាយថា “សកម្មភាពថ្ងៃនេះសប្បាយខ្លាំងណាស់ មិនថាការសម្ដែងរបាំ ឬ ការធ្វើផ្លិតបុរាណទេ សុទ្ធតែបានបង្ហាញពីវប្បធម៌ប្រពៃណីចិន ធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបស្ចិមប្រទេស បានស្គាល់ពីវប្បធម៌ចិនដ៏សម្បូរបែប”។
ជាមួយគ្នានេះដែរ សម្រាប់សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” តារាអិនធឺណិតល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា និង ពិធីការិនីចិន បានចូលរួមរៀបចំសកម្មភាពសិល្បៈផ្សេងៗ ព្រមទាំង បានផ្សព្វផ្សាយស្នាដៃពាក់ព័ទ្ធផ្សេងៗតាមរយៈរូបថត និង វីដេអូ៕
ប្រភព៖ AKP