មហោស្រពសិល្បៈបុណ្យភូមិមានជើង នឹងរៀបចំធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដែលជាតំបន់ប្រាសាទ និងតំបន់ជិតជាយដែនចាប់ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ រួមមាន បរិវេណប្រាសាទកោះកេរ និងវិទ្យាល័យ ជាស៊ីមត្បែងមានជ័យ។
ឆ្នាំ ២០២៥ នេះ គឺជាឆ្នាំទី ៣ នៃមហោស្រពសិល្បៈបុណ្យភូមិមានជើង ដែលព្រឹត្តិការណ៍នេះតែងផ្សារភ្ជាប់ទៅកាន់ប្រជាជននៅតាមតំបន់ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការបង្ហាញពីការរស់នៅ អរិយធម៌ និង វប្បធម៌នានា អមជាមួយសិល្បៈប្លែកភ្នែកថ្មី។
កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកមហោស្រពសិល្ប:បុណ្យភូមិ បានលើកឡើងថាអំពីមូលហេតុសំខាន់នៃការជ្រើសរើសខេត្តព្រះវិហារ ៖ “មហោស្រពសិល្ប:បុណ្យភូមិមានជើង រៀបចំនៅខេត្តព្រះវិហារ ព្រោះទីនោះជាតំបន់មរតកវប្បធម៌ជាតិ ជាទឹកដីចំណាស់តាំងពីបុរាណមក សម្បូរទៅដោយទីតាំងប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍ដ៏មានសក្តានុពល ជាពិសេសនោះ គឺប្រាសាទកោះកេរ ដែលជាប្រាសាទមានសម្រស់ស្រស់ស្អាត ប្លែក និងចង់ឱ្យមានការផ្សព្វផ្សាយឱ្យកាន់តែច្រើន”។

សូមបញ្ជាក់ជូន ថា មហោស្រពសិល្បៈបុណ្យភូមិមានជើង ដែលនឹងរៀបចំនៅខេត្តព្រះវិហារ បានដាក់បញ្ជូលកម្មវិធីថ្មីដែលពុំដែលធ្លាប់មានពីមុនមក គឺការរត់ចម្ងាយខ្លី នៅជុំវិញប្រាសាទកោះកេរ ដើម្បីសុខសន្តិភាព និងសិទ្ធិកុមារ ក្នុងទិវាកុមារពិភពលោកឆ្នាំ ២០២៥ ដោយមានការរៀបចំសហការចូមរួមដោយ UNICEF Cambodia។

ខ្មែរ
English







