ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ខ្ញុំគិតថាការនិយាយអំពីបេះដូងគឺជារឿងដ៏សំខាន់មួយត្បិតអីក្នុងរាងកាយរបស់យើងមាន នេត្រាពីរ ត្រចៀកពីរ ដៃជើងពីរហើយក្រលៀនក៏ពីរដូចគ្នា។ ប៉ុន្តែចំពោះបេះដូងគឺមានតែមួយប៉ុណ្ណោះក្នុងរាងកាយមនុស្សយើង ហើយវាមិនងាយស្រួលនោះទេក្នុងការផ្លាស់ប្តូរ។ ដូច្នេះ អ្នកត្រូវថែរក្សាបេះដូងរបស់អ្នកយ៉ាងណាឱ្យមានសុខភាពល្អ បេះដូងពិតជាសំខាន់សម្រាប់ជីវិត អ្នកមិនអាចរស់គ្មានវាបានទេ។
បេះដូងទទួលបានការចិញ្ចឹមជាមួយនឹងអុកស៊ីសែនដែលចេញពីសួត ហើយត្រូវបានចិញ្ចឹមតាមរយៈសរសៃឈាមក្រហម។ បេះដូងចាប់យកអ្វីដែលត្រូវការហើយបន្ទាប់មកបញ្ចូនអុកស៊ីសែនចេញទៅកាន់រាងកាយទាំងមូល។ ប្រសិនបើសរសៃឈាមទាំងនោះរងសម្ពាធ ឬដាច់តែម្តងនោះសាច់ដុំបេះដូងនឹងបាត់អុកស៊ីសែនបណ្តាលឱ្យខ្សោយ ឬឈប់លោតតែម្តង។ បញ្ហានេះគឺឧស្សាហ៍កើតជាញឹកញយដែលគេហៅថា ជំងឺគាំងបេះដូង ប្រសិនបានអ្នកមិនបានយកចិត្តទុកដាក់លើការព្យាបាលជំងឺនេះទេ អ្នកអាចប្រឈមមុខនឹងការបាត់បង់ជីវិតគ្រប់ពេលព្រោះជំងឺប្រភេទនេះជាឃាតករឆក់យកអាយុជីវិតរហ័សបំផុត។
វេជ្ជបណិ្ឌតផ្នែកជំងឺបេះដូងបានធ្វើការចែករំលែកនូវចំណេះដឹងខ្លះៗពាក់ព័ន្ធការគ្រប់គ្រងនិងថែទាំគាំពារបេះដូងអ្នកដើម្បីបង្ការកុំឱ្យកើតជំងឺគាំងបេះដូង។
គ្រប់គ្រងសម្ពាធឈាម
សម្ពាធឈាមខ្ពស់អាចប្រឈមនឹង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល វាជារឿងដ៏សំខាន់ដែលអ្នកត្រូវធ្វើការត្រួតពិនិត្យសម្ពាធឈាមរបស់អ្នក សម្ពាធឈាមដែលលើសពី 140/90 ត្រូវបានគេចាត់ទុកថាខ្ពស់ណាស់ហើយ។ កត្តានេះឆ្លុះបញ្ជាំងឱ្យឃើញថាសម្ពាធឈាមចាប់ផ្តើមរុញច្រានឈាមទៅកាន់រាងកាយតាមរយៈបេះដូង (ចំនួនខ្ពស់) ហើយសម្ពាធក៏ចាប់ផ្តើម បំពេញចូលទៅក្នុងបេះដូង (ចំនួនខាងក្រោម)។ សម្ពាធឈាមខ្ពស់អាចកើតឡើងដោយសារតែធាត់ពេក ធុញថប់ពេក និងអាចជារបបអាហារប្រចាំថ្ងៃរបស់អ្នក។ វិធីជាច្រើនដែលអ្នកអាចប្រើប្រាស់ក្នុងគ្រប់គ្រងសម្ពាធឈាមឱ្យបានល្អ ដូចជា ការប្រើប្រាស់ឱសថ ការពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអាចជាវិធីសាស្រ្តសាមញ្ញជាប្រចាំថ្ងៃរួមមាន ការហាត់ប្រាណ ប្តូររបបអាហារ កុំព្យាយាមហូបអាហារជាតិប្រៃពេក ចូរគ្រប់គ្រងផ្លូវអារម្មណ៍ ព្យាយាមទប់អារម្មណ៍ខឹង តប់ប្រមល់ និងធុញថប់) ។
គ្រប់គ្រងកូលេស្តេរ៉ូល
កូលេស្តេរ៉ូលខ្ពស់ក៏ជាកត្តាមួយបង្កឱ្យមានជំងឺបេះដូងដូចគ្នា បញ្ហានេះអាចកើតឡើងតាមរយៈដំណពូជ និងបរិភោគអាហារដែលលើសជាតិខ្លាញ់ខ្លាំង។ ជាការពិត កូលេស្តេរ៉ូលមានច្រើនប្រភេទ ក្នុងនោះមានទាំង LDL ឬ (កូលេស្តេរ៉ូលអាក្រក់), HDL (កូលេស្តេរ៉ូលល្អ) និង Triglycerides (សារធាតុធាត់ក្រោយពីបរិភោគអាហារ) ហើយកត្តាទាំងនេះនាំឱ្យមាន កូលេស្តេរ៉ូលប្រហែល 200 mg/dl ។ គន្លឹះល្អ អ្នកគួរតែរក្សា LDL ក្រោម 100 mg/dl និង HDL ក្រោម 50 mg/dl ហើយ Triglycerides ក្រោម 150 mg/dl ។
លំហាត់ប្រាណ
ការហាត់ប្រាណអាចជួយឱ្យសរសៃឈាមបើកល្អ ព្រមទាំងជួយឱ្យសម្ពាធឈាមនិងកូលេស្តេរ៉ូលមិនកើនឡើង ជាពិសេសជួយឱ្យអ្នកមានសុខភាពល្អកម្លាំងកាយមាំមួន មិនងាយឈឺថ្កាត់។ លើសពីនេះ ការហាត់ប្រាណអាចកាត់បន្ថយភាពធុញថប់និងជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ។ អ្នកអាចជ្រើសយករបៀបធ្វើលំហាត់ប្រាណដូចជា ការដើរ ការជិះកង់ ការរាំ និងយូហ្គាជាដើម។
បំបាត់អាការៈតានតឹង
អាការៈតានតឹង ឬស្រ្តេស អាចបង្កគ្រោះថ្នាក់ដល់បេះដូងរបស់អ្នក។ ការសិក្សាបានបង្ហាញថា ស្រ្តីដែលមានអាការៈតានតឹងនិងខឹងច្រើន ប្រឈមមុខខ្ពស់ជាមួយនឹងហានិភ័យនៃជំងឺបេះដូង។ ភាពតានតឹងអាចផ្តល់ផលអាក្រក់មកលើខ្លួនប្រាណអ្នកទាំងមូល សូមព្យាយាមធ្វើសកម្មភាពបន្ធូរអារម្មណ៍ ដោយការអានសៀវភៅ ការធ្វើសម្មាធិ ការចូលរួមបញ្ចេញអារម្មណ៍ជាមួយមិត្តជិតស្និត ជជែកកំសាន្ត។
រក្សាស្ថិរទំងន់
ការកើនឡើងគីឡូ ឬមានទំងន់ធ្ងន់ពេកអាចបង្កផលប៉ះពាល់ដល់រាងកាយអ្នក បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ និង ប្រឈមជាមួយជំងឺបេះដូង។ វាធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងកម្រិតកូលេស្តេរ៉ូលកើនឡើង ដុច្នេះអ្នកគួរតែមានផែនការក្នុងការរក្សាកម្រិតស្ករក្នុងឈាមរបស់អ្នក និងរក្សាទំងន់កុំឱ្យធាត់លើសកម្រិតគីឡូស្តង់ដារ។
បញ្ឈប់ការជក់បារី
ការជក់បារីគឺមានជាតិពុលដល់បេះដូងនិងរាងកាយទាំងមូល។ វាបណ្តាលឱ្យសរសៃឈាមស្ពៀតរួមតូច រលាកសួតដែលជាមុខងារផ្តល់អុកស៊ីសែនដល់បេះដូង និងបណ្តាលឱ្យខូចសិរីរាង្គទាំងមូល។ ការជក់បារីក៏ជាកត្តាបណ្តាលឱ្យមានជំងឺពុកឆ្អឹង ពុកធ្មេញ បង្កស្នាមជ្រីវជ្រួញលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។
ស្វាគមន៍សេចក្តីសេ្នហាក្នុងជីវិតរបស់អ្នក ព្រមទាំងរក្សាអាកប្បកិរិយាវិជ្ជមាន
សេចក្តីស្រឡាញ់គឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពបេះដូង។ ការសិក្សាបានបង្ហាញថា នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់អាចកាត់បន្ថយសម្ពាធឈាម ធ្វើឱ្យកម្រិតកូលេស្តេរ៉ូលទាប និងការឱបមនុស្សដែលខ្លួនស្រឡាញ់អាចជួយបំបាត់ស្រ្តេស និងភាពតានតឹង ទទួលពាក្យលួងលោមក៏ជាត្តារំងាប់ការខឹងបានច្រើន។ អាកប្បកិរិយាវិជ្ជមាន ក៏ជាប់ពាក់ព័ន្ធជាមួយនឹងសុខភាពបេះដូងដូចគ្នា។
ថែរក្សាសុខភាពឱ្យបានល្អ
ទិវានៃក្តីស្រឡាញ់គឺមានអត្ថប្រយោជន៍ដល់បេះដូងរបស់អ្នកផ្ទាល់។ អ្នកគួរផ្តល់តម្លៃនិងយកចិត្តទុកដាក់លើវា ដើម្បីទទួលបានសុខភាពល្អ។ អ្នកត្រូវប្រាកដថា បរិភោគអាហារសុខភាពឱ្យបានច្រើន ធ្វើលំហាត់ប្រាណ គិតអ្វីដែលល្អៗ បន្ថែមជីរជាតិសេចក្តីស្នេហា និងភាពសប្បាយរីករាយក្នុងជីវិតអ្នកឱ្យបានច្រើន។
សូមមានសុខភាពល្អ ទទួលបានសុខសុវត្ថិភាព និងទទួលបានសេចក្តីស្រឡាញ់យ៉ាងកក់ក្តៅនាទិវានៃក្តីស្រឡាញ់!