រង្វង់ភ្នែកខ្មៅ អាចកើតឡើងដោយសារតែភាពនឿយហត់ជាប្រចាំ ឬការវិវត្តន៍ទៅកាន់វ័យចាស់។
នៅពេលដែលអ្នកឈានចូលវ័យកាន់តែចាស់ សុខភាពស្បែករបស់អ្នកនឹងបាត់បង់ជាតិខ្លាញ់ធម្មជាតិ និងកូឡាជែន ហើយស្បែកនឹងកាន់តែស្តើងទៅៗ ដែលជាហេតុអាចធ្វើអោយសរសៃឈាមក្រហម-ខៀវនៅក្រោមរង្វង់ភ្នែកឆ្លុះបញ្ចាំងកាន់តែច្បាស់ចេញមកក្រៅ។ ប៉ុន្តែសូមកុំបារម្ភ វាគឺជារឿងធម្មតាទៅលើមនុស្សគ្រប់រូប វាមិនមែនជាសញ្ញានៃបញ្ហាសុខភាពនោះទេ។
អ្នកអាចកម្ចាត់ស្នាមខ្មៅជុំវិញរង្វង់ភ្នែកនោះតាមរយៈវិធីងាយៗបាន ហើយទទួលបានផលជាទីគាប់ចិត្ត ឡេឌីស៍ សូមនាំមកជូនវិធីសាស្ត្រមួយចំនួនខាងក្រោម ៖
1. ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់
នៅពេលដែលអ្នកអស់កម្លាំង ហើយគេងមិនបានគ្រប់គ្រាន់ អាចបណ្តាលឱ្យមានរង្វង់ខ្មៅក្រោមភ្នែក និងរង្វង់ផ្ទៃមុខទាំងមូលមានសភាពស្លេកស្លាំងផងដែរ ដែលអាចធ្វើឱ្យរង្វង់ក្រោមភ្នែកកាន់តែដក់ខ្មៅខ្លាំងលើសការគិត។ រយៈវេលានៃដំណេកដែលល្អបំផុត គឺ ៧ ទៅ ៨ម៉ោងក្នុងមួយយប់។
2. ស្អំកញ្ចប់តែ
អ្នកអាចយកសម្បកកញ្ចប់តែត្រជាក់ដែលឆុងរួច មកដាក់ស្អំនៅលើភ្នែក ហើយទុកចោលរយៈពេល ៣០នាទី។ កញ្ចប់តែអាចជួយបំបាត់រង្វង់ភ្នែកខ្មៅ ព្រោះវាមានជាតិកាហ្វេអ៊ីនក្នុងនោះ ហើយសារជាតិនេះអាចធ្វើឱ្យឈាមដើរបានស្រួល (មិនកកខ្មៅ)។
3. ចំណិតផ្លែត្រសក់
វិធីនេះជាវិធីសាស្រ្តធម្មជាតិដែលអ្នកងាយស្វែងរក និងអនុវត្ត។ ត្រសក់មានជាតិវីតាមីន K ដែលអាចជួវបំបាត់ខ្មៅក្រោមភ្នែកបានយ៉ាងល្អ។ ហាន់ត្រសក់ជាចំណិតៗ រួចដាក់ចោលក្នុងទូទឹកកក ៣០នាទី សឹមយកមកបិទលើភ្នែក ហើយទុករយៈពេល ១០ ទៅ ១៥នាទី។
4. ប្រេងអាល់ម៉ុន (Almond Oil) និងវីតាមីន E
អ្នកជំនាញផ្នែកព្យាបាលតាមបែបធម្មជាតិ បានធ្វើការណែនាំ ឱ្យលាយប្រេងអាល់ម៉ុន និងវីតាមីន E ក្នុងបរិមាណស្មើគ្នា ហើយលាបនៅក្រោមភ្នែក (រង្វង់ភ្នែកខ្មៅ) រួចម៉ាស្សាថ្នមៗ មុនពេលចូលគេង។ នៅពេលព្រឹកក្រោកពីដំណេក អ្នកអាចលាងចេញជាមួយទឹកស្អាត អនុវត្តរាល់ថ្ងៃរហូតដល់បាត់ដក់ភ្នែកខ្មៅ៕