រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នាពេលថ្មីៗកន្លងមកបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល» ដើម្បីជូនដំណឹងដល់សហគ្រាសកែច្នៃផលជលផល និងប្រតិបត្តិការធុរកិច្ចជលផលពាក់ព័ន្ធដែលមានបំណងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ឱ្យដាក់ពាក្យស្នើសុំ និងទទួលបានលេខកូដសម្គាល់ មកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះអនុម័តសម្រាប់នាំចេញ។
បើតាមសេចក្តីជូនដំណឹងរបស់គម្រោងវិស័យជលផលក្រោយប្រមូលផល (CAPFISH-Capture) បានឱ្យដឹងនៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២៤នេះថា ការធានាបានសុច្ចរិតភាព និងសុវត្ថិភាពផល ផលិតផលជលផល គឺជាអាទិភាពចម្បងរបស់រដ្ឋបាលជលផល។ ក្រោមជំនួយ បច្ចេកទេសពីអង្គការ UNIDO រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងសុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវនឹងបទដ្ឋានរបស់សហភាពអឺរ៉ុប (EU) ដើម្បីការពារសុខភាពសាធារណៈ និងសម្រួលពាណិជ្ជកម្ម។
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបានជាអគ្គនាយករដ្ឋបាលជលផល បានឱ្យដឹងថា៖ ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងប្រជាជនកម្ពុជារស់នៅក្រៅស្រុក ការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជាអាចនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា អូស្ត្រាលី នូវែលសេឡង់ និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ឈរលើជំហរនេះ រដ្ឋបាលជលផលបានខិតខំបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់ (MOU) ឬកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ជាមួយបណ្តាប្រទេសទាំងនេះ ដើម្បីបើកទីផ្សារឱ្យផលិតផលជលផលកម្ពុជាឱ្យកាន់តែទូលំទូលាយ។ កិច្ចការនេះទាមទារឱ្យអាជ្ញាធរមានសមត្ថភាពផ្នែកជលផល (FCA) ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ធានាមានលទ្ធផលជលផលផ្គត់ផ្គង់ពីកម្ពុជាមានអនាម័យគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសអ្នកទិញ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ រដ្ឋបាលជលផល បានដាក់ចេញ «គោលការណ៍ណែនាំពីលក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់ ការត្រួតពិនិត្យ និងអធិការកិច្ចគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បម្រើដល់ការនាំចេញ។
ឯកឧត្តម ពុំ សុថា បានអំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល ដោយអនុវត្តតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ ដោយដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីទទួលបានលេខសម្គាល់អនុម័តសម្រាប់នាំចេញ និងបានធ្វើការពន្យល់ថា នីតិវីធីមានលក្ខណៈស្មុគស្មាញ ប៉ុន្តែមានតម្លៃ បើកម្ពុជាទទួលបានជោគជ័យក្រោយធ្វើសវនកម្មវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ “DG-SANTE” កម្ពុជាមានលទ្ធភាពច្រើនដើម្បីចរចាបើកទីផ្សារជាមួយប្រទេសផ្សេងៗទៀត។ ការទទួលស្គាល់របស់សហភាពអឺរ៉ុប គឺជាជំហរប្រកបដោយមោទនភាពមួយរបស់កម្ពុជា “ក្នុងការរកទីផ្សារក្រៅស្រុក និងទាក់ទាញការវិនិយោគបន្ថែមសម្រាប់អនុវិស័យជលផលក្រោយប្រមូលផល»។
ទាក់ទិនក្នុងរឿងនេះ បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថម បាធូ ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការ UNIDO បានមានប្រសាសន៍ថា ការចង្អុលបង្ហាញរបស់ឯកសារនេះ គឺផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ចំពោះសហគ្រាស និងអាជីវកម្មដែលមានគោលបំណងនាំចេញផល ផលិតផលជលផលរបស់ខ្លួន។
ដោយឡែកបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព មានប្រសាសន៍ថា «អាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល (FCA) បានកំពុងត្រៀមលក្ខណៈសម្រាប់ការចុះវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) រដ្ឋបាលជលផលបានដាក់លិខិតស្នើសុំផ្លូវការបច្ចេកទេសរួចរាល់ហើយផងដែរ»។
គួរបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល (FCA) នឹងស្នើសុំឱ្យអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ “DG-SANTE” ចុះមកវាយតម្លៃផ្ទៀងផ្ទាត់ ដើម្បីចុះឈ្មោះប្រទេសកម្ពុជា ជាមួយផលិតផលជលផលដែលមានហានិភ័យទាប ដូចជា ទឹកត្រី ប្រហុក និងត្រីងៀតដែលកែច្នៃ៕
Source ៖ AKP