យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានឱ្យដឹងថា សភាជាតិកូរ៉េនឹងកោះហៅគ្រូបង្វឹកជម្រើសជាតិ គឺលោក Hong Myung-bo រួមទាំងប្រធានសមាគមបាល់ទាត់កូរ៉េ (KFA) លោក Chung Mong-gyu និងនាយកបច្ចេកទេស KFA លោក Lee Lim-saeng ដើម្បីពន្យល់អំពីបញ្ហាពាក់ព័ន្ធ។
“Hong Myung-bo ធ្លាប់ជាគ្រូបង្វឹក Ulsan Hyundai” នៅក្នុងឆ្នាំនេះ លោកបានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជំនួសលោក Jurgen Klinsmann ដែលត្រូវបានបណ្តេញចេញពីតំណែងដោយសារតែទម្រង់លេងមិនសូវល្អក្នុងការប្រកួតពានរង្វាន់ Qatar Asian Cup។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការស្វែងរកគ្រូបង្វឹកថ្មីរយៈពេល 6ខែមក ការតែងតាំងគ្រូបង្វឹកក្នុងស្រុក Hong Myung-bo បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការខកចិត្ត ជាពិសេសអ្នកដែលសង្ឃឹមលើគ្រូបង្វឹកបរទេសដែលមានកេរ្តិ៍ឈ្មោះ។
មានការរិះគន់យ៉ាងច្រើនទាក់ទងទៅនឹងការតែងតាំងលោក Hong ជាមួយនឹងការអះអាងថា KFA មិនបានធ្វើការសម្ភាសន៍ ឬការវាយតម្លៃ ដែលនាំមកនូវបញ្ហាព្រួយបារម្ភអំពីតម្លាភាព និងយុត្តិធម៌ទៅលើដំណើរការជ្រើសរើសនេះ។ បើទោះជាលោក Hong បានចូលកាន់តំណែងអស់រយៈពេល 2ខែហើយក៏ដោយ ប៉ុន្តែភាពចម្រូងចម្រាសជុំវិញការតែងតាំងរបស់គាត់មិនបានបញ្ចប់នោះទេ។
ថ្មីៗនេះ ភ្នាក់ងារម្នាក់បានលាតត្រដាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “បើទោះបីជាមានការចាប់អារម្មណ៍ពីគ្រូបង្វឹកបរទេសជាច្រើន រួមទាំងគ្រូបង្វឹកជនជាតិបារាំងលោក Hervé Renard ក៏ដោយ ក៏ KFA បានព្រងើយកន្តើយចំពោះសំណើទាំងនេះ ហើយជំនួសមកវិញបានដោយជួល Hong Myung-bo ជាមួយនឹងប្រាក់ខែខ្ពស់ជាង”។
មានសេចក្តីរាយការណ៍ថា ការស៊ើបអង្កេតដែលផ្តួចផ្តើមដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ នឹងធ្វើឡើងនៅម៉ោង 10ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃទី 24 នេះ។ ក្រៅពីលោក Hong Myung-bo, Chung Mong-gyu និង Lee Lim-saeng.. អតីតប្រធានគណៈកម្មាធិការក្រុមជាតិ KFA លោក Chung Hae-sung និងអតីតកីឡាករជម្រើសជាតិ Park Joo-ho ក៏ត្រូវបានកោះហៅឱ្យស៊ើបអង្កេតផងដែរថា តើមានបញ្ហាកើតឡើងជាមួយដំណើរការនៃតែងតាំងលោក Hong Myung-bo ដែររឺទេ?
ប្រភព ៖ NOWGOAL