មានពាក្យមួយឃ្លា ដែលគេតែងតែនិយាយថា “រាងកាយរបស់អ្នក គឺអាស្រ័យលើអាហារដែលអ្នកទទួលទាន!” ពាក្យនេះពិតជាមានន័យខ្លាំងណាស់ក្នុងជីវិតរស់នៅ ប្រចាំថ្ងៃ ព្រោះថា ដើម្បីទទួលបានសុខភាពល្អ កាយសម្បទានមាំមួន អាយុយឺនយូរ ទាល់តែយើងម្នាក់ៗត្រូវចេះកំណត់យកនូវការទទួលទានរបបអាហារដែលមានតុល្យភាព។
អាហារមានតុល្យភាព សំដៅលើរបបអាហារល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ សក្តិសមនឹងរាងកាយយើងម្នាក់ៗ ទាំងប្រូតេអ៊ីន ជាតិរ៉ែ វីតាមីន អង់ទីអុកស៊ីដង់ និងជាតិសរសៃ។
របបអាហារមានតុល្យភាពត្រឹមត្រូវ អាចជួយពង្រឹងប្រព័ន្ធការពាររាង្គកាយរបស់អ្នក ការពារពីជំងឺធាត់ និងមិនឱ្យកើតជំងឺមិនឆ្លងដូចជា ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូង។ល។
ក្រុមអាហារដែលសម្បូរសារធាតុចិញ្ចឹមទាំង 5 រួមមាន ផលិតផលធ្វើពីទឹកដោះសត្វ សាច់ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។
អ្នកគួរតែប្ដូរមកទទួលទានអាហារ ដែលមានតុល្យភាពមួយមុខ ជំនួសអាហារដែលគ្មានជីវជាតិជាច្រើនមុខ ដើម្បីចៀសវាងហានិភ័យនៃការកើតមានជម្ងឺប្រចាំកាយនៅថ្ងៃអនាគត។
• ឧទាហរណ៍ ៖ ទទួលទានផ្លែប៉ោម ប្រសើរជាងជ្រើសយកស្ករគ្រាប់។
ទម្លាប់ប្រចាំថ្ងៃខ្លះៗក្នុងការគ្រប់គ្រងរបបអាហារឱ្យមានតុល្យភាពល្អ ដើម្បីទ្រទ្រង់សុខភាព រួមមាន ៖
1. ទទួលទានអាហារទាំង 3 ពេល ឱ្យបានទៀងទាត់ (អាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច)…
2. ព្យាយាមកាត់បន្ថយការទទួលទានអាហារច្រើនលើសលប់នៅពេលល្ងាច
3. បង្កើនការទទួលទានបន្លែ ផ្លែឈើធម្មជាតិ ព្រោះវាសម្បូរទៅដោយវីតាមីនចិញ្ចឹមជាច្រើន
4. កំណត់ការទទួលទានសាច់សុទ្ធឱ្យបានត្រឹមត្រូវ
5. បង្កើនការទទួលទានសាច់ត្រី ជាពិសេសត្រីដែលមានខ្លាញ់ធម្មជាតិដូចជា ត្រីសាលម៉ុន ត្រីម៉ាកែរ៉េត ត្រីរ៉ស់ និងត្រីសាឌីន
6. ជ្រើសយកទឹកដោះគោដែលមានជាតិខ្លាញ់ទាប និងកាត់បន្ថយការទទួលទាន ឈីស មកត្រឹមពីរដុំក្នុងមួយសប្តាហ៍
7. ចៀសវាងម្ហូបអាហារដែលមានរសជាតិប្រៃពេក ឬផ្អែមពេក
8. កាត់បន្ថយជាតិស្ករអាក្រក់ ចំណុចនេះ ចង់សំដៅទៅលើ ភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំង គ្រឿងកំប៉ុង ឬជាប្រភេទនំបង្អែមមួយចំនួន រួមមាន សូកូឡាដែលមានជាតិផ្អែមខ្លាំង ការ៉េម ស្ករគ្រាប់ នំខេក…ល
9. កាត់បន្ថយការសេពគ្រឿងស្រវឹង ឬបើអាចឈប់ទទួលទានតែម្តង
10. រក្សាជាតិទឹកក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ ទទួលទានទឹកមួយថ្ងៃ 8កែវ
សូមចំណាំថា ៖ របបអាហារដែលគ្មានតុល្យភាព គឺបង្ខូចសុខភាពអ្នកដោយមិនដឹងខ្លួន ក្នុងនោះរួមមាន ការបរិភោគមិនគ្រប់គ្រាន់ ការបរិភោគច្រើនពេក ឬបង្អត់អាហារ មិនបរិភោគអ្វីទាល់តែសោះ ក៏បង្ករហានិភ័យដល់សុខភាពរាងកាយផងដែរ។