ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលមានប្រវត្តិសាស្ត្រវ័យចំណាស់មួយ រួមទាំងវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ដោយមានជំនឿសាសនា សិល្បៈបុរាណ និងរបាំបុរាណខ្មែរ ជាពិសេសគឺ “របាំអប្សរា” ដែលរបាំនេះត្រូវបានរក្សាទម្រង់ដើមដើម្បីប្រារព្ធឡើងជារឿយៗក្នុងទូទាំងប្រទេស។
របាំអប្សរាត្រូវបានបង្កើតជាផ្លូវការតាំងពីឆ្នាំ 1960 គឺជារបាំមួយដែលស្ថិតក្នុងរបាំព្រះរាជទ្រព្យមានឈ្មោះល្បីល្បាញ បានចូលរួមលើកតម្កើងកិត្ដិយសនៃវប្បធម៌ជាតិខ្មែរ ម្យ៉ាងទៀតរបាំនេះក៏ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ថាជា “បេតិកភណ្ឌវប្បធម៌អរូបី”។
របាំអប្សរាបានអង្រួនចិត្ដភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនាកំសាន្ដនៅព្រះរាជាណាចក្រកម្ពុជា ហើយរបាំនេះក៏ត្រូវបានគេចាត់ទុកជារបាំសម្រាប់សម្តែងមុនពេលបើកឆាកកម្មវិធីប្រពៃណីជាតិអ្វីមួយ ដើម្បីជាការស្វាគមន៍យ៉ាងកក់ក្តៅ។
ជាមួយរាងកាយនៃនារីរបាំដ៏ល្វត់ល្វន់ យឺតៗ ចង្វាក់មួយៗ ថ្នមៗ និងចង្កេះអមដោយគូទ ង បន្តិច ព្រមទាំងម្រាមដៃ ង ធ្វើឲ្យអ្នកទស្សនាមានការជក់ចិត្ត ដិតអារម្មណ៍ជាទីបំផុត… អមដោយសម្លៀកបំពាក់ពណ៌ចែងចាំងដូចមាស និងពណ៌ស នៃក្រុមអ្នករបាំទាំងឡាយបត់បែនចលនាកដៃ និងម្រាមដៃ រួមទាំងប្រើជើងម្ខាងឈររេរាំពត់ពេនត្រាប់នូវក្បាច់រាំទាំងនោះយ៉ាងទន់ភ្លន់។ ចំពោះក្បាច់រាំក៏ត្រូវបានគេប្រើវាតាមក្បួនខ្នាតអត្ថន័យនៃស្លឹក ផ្កា និងផ្លែជាតង្វាយដល់ព្រះផងដែរ។
កាលដើមឡើយ របាំអប្សរាត្រូវបានកំណត់ការសម្តែងនៅពេលប្រារព្ធពិធីបុណ្យជាតិ បុណ្យសាសនាមហោស្រពសិល្បះធំៗ និងពិធីទទួលភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកនៅពេលវិស័យទេសចរណ៍កម្ពុជាមានការអភិវឌ្ឍន៍ខ្លាំង របាំអប្សរាត្រូវបានសម្តែងយ៉ាងពេញនិយម។
ខ្មែរយើងមានសិល្បៈ និងរបាំជាច្រើនប្រភេទសម្រាប់សម្តែងនៅតាមព្រឹត្តិការណ៍នានា និងនៅតាមតំបន់ផ្សេងៗ ដើម្បីបង្ហាញប្រាប់អំពីគោលបំណងអ្វីមួយលាយឡំជាមួយជំនឿសាសនា, អរូបី, ជីវភាពរស់នៅ,ធម្មជាតិនៃការយកតម្រាប់តាមសត្វ ផ្សំនឹងតន្ត្រីដែលបានបន្សល់រហូតដល់សព្វថ្ងៃ។