ការធ្វើដំណើរតាមរយៈរថភ្លើងអាចនឹងចាយរយៈពេលយូរបន្តិចមែន ប៉ុន្តែភាពទាក់ទាញនៃការធ្វើដំណើរផ្សងព្រេងនេះ ប្រាកដជាផ្តល់នូវបទពិសោធន៍ថ្មីៗជាច្រើនចំពោះអ្នក ដោយអ្នកអាចគយគន់ទេសភាពព្រៃភ្នំធម្មជាតិ រុករកតំបន់ពិភពលោកដ៏ស្រស់បំព្រង ជាពិសេសទស្សនាភូមិតូចៗនៅតាមជើងភ្នំ… ពិតជាអស្ចារ្យណាស់!
ខណៈប្រជាជនកំពុងផ្ទុះចំណាប់អារម្មណ៍ចាប់យកការធ្វើដំណើរតាមរយៈរថភ្លើង បច្ចុប្បន្ននេះគេឃើញមានរថភ្លើងប្រណីតៗបន្តបណ្តាក់គ្នា បង្ហាញវត្តមានជាច្រើន ដោយសន្យាថានឹងនាំមកនូវផាសុកភាពជាទីគាប់ចិត្ត សេវាកម្មល្អ បន្ទប់សម្រាកប្រៀបដូចសណ្ឋាគារផ្កាយ 5 អាហារប្រកបដោយគុណភាពខ្ពស់ ជាពិសេសខ្សែរថភ្លើងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទេសភាពស្រស់ស្អាតជាច្រើនកន្លែង។
មិនថាអ្នកកំពុងរុករកក្នុងទីក្រុងស្ថិតនៅប៉ែកអឺរ៉ុប ឬទីក្រុងដ៏ស្រស់សោភារបស់ប្រទេសជប៉ុននោះទេ ខាងក្រោមនេះជារថភ្លើងអស្ចារ្យបំផុត ដែលអ្នកគួរពិចារណាក្នុងការសាកល្បង ៖
- The Ghan
The Ghan គឺជាទេសចរណ៍រថភ្លើងដែលមានបទពីសោធន៍ក្នុងការដំណើរការតាំងពីឆ្នាំ 1929 មកម្លេះ។ ទិសដៅដ៏ពេញនិយមបំផុតគឺ The Ghan Expedition ដែលវាជាបទពិសោធន៍ដំណើរកំសាន្តស្នាក់នៅលើរថភ្លើងរយៈពេល 4 ថ្ងៃដែលនាំអ្នកពីទីក្រុង Darwin ទៅទីក្រុង Adelaide ។ ទន្សនាទេសភាពជុំវិញអមដោយព្រៃភ្នំ និងស្វែងយល់អំពីវប្បធម៌ជនជាតិដើមភាគតិចនៅតាមតំបន់ ជាពិសេសផ្សងព្រេងទៅកាន់ទីក្រុងរុករករ៉ែ Opal ក្រោមដី។
- Royal Scotsman, A Belmond Train
ទទួលបានបទពិសោធន៍ល្អបំផុតនៅក្នុងប្រទេសស្កុតឡែនតាមរយៈការជិះរថភ្លើង Royal Scotsman ។ នៅរយៈពេល 4 យប់ Royal Scotsman នឹងនាំមកនូវដំណើរទេសចរណ៍ Heritage Homes and Gardens ដែលអនុញ្ញាត្តឱ្យភ្ញៀវទេសចរគ្រប់រូបប្រាសាទប្រវត្តិសាស្ត្រមួយចំនួននៃប្រទេសស្កុតឡែន។ ទិដ្ឋភាពក្នុងរថភ្លើងប្រណីតមួយនេះ រួមមានដូចជា បន្ទប់ស្នាក់នៅឯកជនបំពាក់ដោយគ្រែផាសុកភាព បន្ទប់ទឹកដាច់ដោយឡែក ទូខោអាវ និងរបស់របរប្រើប្រាស់ជាច្រើនទៀត។
- Rovos Rail
ផ្លូវរថភ្លើង Rovos បានបង្កើតឡើងតាំងពីឆ្នាំ 1989 ទទួលបានកេរ្តិ៍ឈ្មោះជាអន្តរជាតិ ជាមួយជួរដ៏ធំទូលាយក្នុងការធ្វើដំណើរ ព្រមទាំងអនុញ្ញាតឱ្យភ្ញៀវទេសចររុករកតំបន់អស្ចារ្យមួយចំនួននៃទ្វីបអាហ្រ្វិក។ Cape Town គឺជាផ្លូវដែលពេញនិយមបំផុតរបស់រថភ្លើង ហើយវាមានដំណើរកំសាន្តរយៈពេល 3យប់កាត់តាមរយៈវាលស្មៅ Highveld និងទេសភាព Cape Winelands។ ការស្នាក់នៅបន្ទប់ Pullman Gold ក្នុងអំឡុងពេលធ្វើដំណើរ អ្នកនឹងទទួលបានអារម្មណ៍ក្តីសុខបំផុតជាមួយនឹងបន្ទប់ទឹកឯកជន បង្អួចដ៏ធំឆ្លុះទិដ្ឋភាពខាងក្រៅ។
- Venice Simplon-Orient-Express, A Belmond Train
Venice Simplon-Orient-Express ត្រូវបានគេស្គាល់ថាជារថភ្លើងដ៏ប្រណិតបំផុតសម្រាប់ទិសដៅធ្វើដំណើរពីទីក្រុង London ទៅកាន់ទីក្រុង Venice ។ ទស្សនាទេសភាពជុំវិញខ្លួនជាមួយបង្អួចកញ្ចក់ធំៗ រួចអនុញ្ញាត្តឱ្យខ្លួនទទួលពិសារអាហារឈ្ងុយឆ្ងាញ់ អមនឹងសេវាកម្មល្អឥតខ្ចោះបម្រើជូនភ្ញៀវទេសចរ 24 ម៉ោង។ ជាពិសេស អ្នកអាចសម្រាកអារម្មណ៍ជាមួយបាររាត្រីនៅលើរថភ្លើងផ្ទាល់ សម្រាកលំហែកាយនៅក្នុងកាប៊ីនដែលជួសជុលឡើងវិញយ៉ាងប្រណីត ដូចជាឈុតពោរពេញដោយគ្រឿងសង្ហារិម ក្រណាត់ទេសឯកស្រស់ៗ និងបន្ទប់ទឹកស្អាត។
- Seven Stars in Kyushu
រថភ្លើងគេងប្រណីតដំបូងគេរបស់ប្រទេសជប៉ុនមានឈ្មោះថា “Seven Stars” ត្រូវបានគេស្គាល់ថាជារថភ្លើងឈានមុខគេដែលមានទូរថភ្លើងចំនួន ៧ ផ្ទុកចំនួនអ្នកដំណើរសរុបបរិមាណ 30 នាក់ក្នុងមួយយប់។ ដូច្នេះ ភ្ញៀវទាំងអស់ត្រូវធ្វើការកក់សបុត្រមុន ហើយសំបុត្រទាំងអស់នោះត្រូវបានខាងស្ថានីយ៍ជ្រើសរើសដោយផ្ទាល់។ អមជាមួយខ្សែផ្លូវកាត់ជ្រលងភ្នំ មានព្រៃព្រឹក្សាធម្មជាតិពិតជាបានផ្តល់នូវទេសភាពត្រជាក់ភ្នែក បំភ្លេចអស់ទុក្ខកង្វល់ រួចងាកមកទទួលសេវាកម្មលំដាប់ផ្កាយ 5។ ទទួលទានអាហារពេលល្ងាចដោយមានតន្ត្រីលេងបំពេរកំដរអារម្មណ៍ និងស្នាក់នៅក្នុងបន្ទប់ធំទូលាយដ៏ប្រណីតបំពាក់គ្រឿងបរិក្ខារគ្រប់ទាំងអស់។