ទិវាសប្តាហ៍នៃការបំបៅកូនដោយទឹកដោះម្តាយជាលក្ខណៈអន្តរជាតិពិភពលោកត្រូវបានប្រារព្ធឡើងនៅសប្តាហ៍ដំបូងនៃខែសីហា រាប់ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 7 ជារៀងរាល់ឆ្នាំ។
នៅក្នុងឆ្នាំ 2018 សេចក្តីសម្រេចរបស់សន្និបាតសុខភាពពិភពលោកបានអនុម័តនូវទិវាសប្តាហ៍នៃការបំបៅកូនដោយទឹកដោះម្តាយពិភពលោក ជាយុទ្ធសាស្រ្តលើកកម្ពស់សុខភាពដ៏សំខាន់មួយដល់សុខភាពម្តាយ និងទារកជាមួយនឹងប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ដើម្បីចែករំលែកចំណេះដឹងសំខាន់ៗ។
យុទ្ធនាការនេះមានការចូលរួមគាំទ្រដោយអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងក្រសួងសុខាភិបាល ព្រមទាំងមានដៃគូសង្គមស៊ីវិលជាច្រើន ដាក់បង្ហាញអំពីយុទ្ធសាស្រ្តលើកកម្ពស់សុខភាពម្តាយដ៏សំខាន់មួយ ជាមួយនឹងប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ដែលអាចជួយស្ត្រីឱ្យបំបៅកូនដោយទឹកដោះម្តាយយល់ដឹងបន្ថែមអំពីសារសំខាន់ និងអត្ថប្រយោជន៍នៃទឹកដោះម្តាយ ក៏ដូចជាវិធីសាស្រ្តត្រឺមត្រូវក្នុងការបំបៅទារក។ ការគាំទ្រនេះមាននៅក្នុងសហគមន៍ និងកន្លែងធ្វើការ ដោយមានការការពារគ្រប់គ្រាន់នៅក្នុងគោលនយោបាយ និងច្បាប់របស់រដ្ឋាភិបាល ក៏ដូចជាការចែករំលែកព័ត៌មានស្តីពីអត្ថប្រយោជន៍ និងយុទ្ធសាស្រ្តនៃការបំបៅកូនដោយទឹកដោះម្តាយ។
ការបំបៅកូនដោយទឹកដោះម្តាយ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពតែមួយគត់ក្នុងការធានាសុខភាព និងការរស់រានមានជីវិតរបស់ទារក ប្រៀបបានជាអំណោយដ៏អស្ចារ្យបំផុតដែលម្តាយអាចផ្តល់ឱ្យកូន។ ទារកដែលបៅទឹកដោះម្តាយទំនងជាមានជីវិតរស់រាន មានការការពារច្រើនពីជំងឺដែលគំរាមកំហែងដល់អាយុជីវិត និងលូតលាស់ទៅជាមនុស្សពេញវ័យដែលមានសុខភាពល្អ។
- ប្រធានបទក្នុងឆ្នាំ 2024 នេះ មានឈ្មោះថា “ចិញ្ចឹម, ទ្រទ្រង់, លូតលាស់” – “Nourish, Sustain, Thrive”
និមិត្តសញ្ញា Nourish, Sustain, Thrive ត្រូវបានបង្កើតឡើងដោយលោកស្រី Erin Fortuna គឺជាអ្នកសម្របសម្រួលអំពីផលប៉ះពាល់សមូហភាពជាន់ខ្ពស់នៅក្នុងគណៈកម្មាធិការបំបៅកូនដោយទឹកដោះម្តាយនៃសហរដ្ឋអាមេរិក។
នាងបានចែករំលែក “មូលហេតុដែលខ្ញុំបំផុសនូវនិមិត្តសញ្ញានេះឡើង គឺទាក់ទងនឹងបញ្ហាការប្រឈម និងជ័យជម្នះលើដំណើរនៃការបំបៅកូនដោយទឹកដោះផ្ទាល់ខ្លួនរបស់ខ្ញុំ” នាងបានបន្តទៀតថា “ការដែលមានភាពសុខដុមរមនា និងសុខសន្តិភាពគឺត្រូវមានភាពស្របគ្នានៅពេលដែលតម្រូវការរបស់ទារកទើបនឹងកើតត្រូវបានបំពេញ។ គ្រួសារទាំងឡាយដែលមានទារក សមនឹងទទួលបានអាហារូបត្ថម្ភ ការផ្គត់ផ្គង់ និងការគាំទ្រនៅក្នុងរយៈពេលវែង!”