ជំងឺមហារីកសុដន់ គឺជាជំងឺមួយដែលកោសិកានៅខាងក្នុងសុដន់របស់ស្ត្រី មានការលូតលាស់មិនប្រក្រតីក្នុងជាលិកាសុដន់ និងមិនអាចគ្រប់គ្រងបាន ហើយបង្កទៅជាដុំសាច់/ដុំគីសតូចៗ។ ប្រសិនបើស្រ្តី មិនបានយកចិត្តទុកដាក់ទទួលយកការព្យាបាលបានត្រឹមត្រូវ និងមិនមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកមហារីកសុដន់ទេ ដុំសាច់ទាំងនោះអាចនឹងរីករាលដាលពាសពេញផ្ទៃសុដន់ រួមទាំងបណ្តាលឱ្យស្រ្តីបាត់បង់ជីវិតបាន នៅក្នុងកម្រិតធ្ងន់ធ្ងរ។
កោសិកាមហារីកសុដន់ចាប់ផ្តើមកើតឡើងដំបូងនៅក្នុងបំពង់នៃទឹកដោះ ឬ Lobules ហើយរីករាលដាលទៅផ្នែកខាងក្រៅនៃសុដន់តាមរយៈសរសៃឈាម និង Lymph Vessels ។
វិធី ត្រួតពិនិត្យរកមើលជំងឺមហារីកសុដន់នៅក្នុងដំណាក់កាលដំបូងៗ រួមមានដូចជា ការពិនិត្យសុដន់ដោយខ្លួនឯង ការអេកូសុដន់ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញអំពីរោគសញ្ញាមិនប្ក្រតីណាមួយ
ខាងក្រោមនេះជារោគសញ្ញាជំងឺមហារីកសុដន់ ដែលស្ត្រីចាំបាច់ត្រូវមានការសង្កេតមើលជាចាំបាច់ ៖
១. ចុងសុដន់មានសភាពប្រែប្រួលទំហំ ឬ រូបរាង
សញ្ញាណដំបូងនៃជំងឺមហារីកសុដន់ ស្រ្តីអាចដឹងតាមរយៈ ពិនិត្យមើលនៅចុងសុដន់ចាប់ផ្តើមប្រែប្រួល និងចុងសុដន់មានអាការលឹបចូលក្នុង ឬជ្រីវជ្រួញ។
២. មានហូរឈាមតិចៗ ឬទឹកថ្លាៗតាមចុងសុដន់
រោគសញ្ញាមួយ ដែលអ្នកមានជំងឺមហារីកសុដន់នៅគ្រប់ដំណាក់កាលទាំងអស់តែងជួបប្រទះ គឺការហូរទឹករងៃ លាយជាមួយឈាមនៅចុងសុដន់។ ទឹកដែលហូរចេញ អាចមានពណ៌ថ្លា ពណ៌លឿងដូចខ្ទុះ ឬពណ៌ក្រហមដូចឈាម។
៣. មានដុំពកៗនៅក្នុងសុដន់
ស្រី្តមួយចំនួន ចាប់ផ្តើមមានអារម្មណ៍ថាមានដុំពកតូចៗនៅសុដន់ មុនឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ តែជួនកាល អាចកើតមាននៅជុំវិញតំបន់ក្លៀក និងហើមទាំងនៅជុំវិញសុដន់ និងក្លៀកដូចគ្នា។
៤. ស្បែកសុដន់ប្រែពណ៌សម្បុរ
ស្បែកសុដន់ប្រែប្រួលពណ៌សម្បុរ កើតឡើងមកពីជំងឺមហារីកសុដន់ ព្រោះវាកើតឡើងដោយសារការរលាក ឬដោយសរសៃទឹករងៃស្ទះកោសិកាមហារីក នាំឲ្យមានការឡើងក្រហម ហើម និងខូងស្បែក។
៥. ចេញអុចៗនៅស្បែកសុដន់
ស្បែកសុដន់ឡើងប្រេះស្រកា របកស្បែកសុដន់ និងស្បែកចុងសុដន់ ពេលខ្លះឡើងពណ៌ក្រហម រួមទាំងចេញស្នាមអុចតូចៗ។
៦. មានការឈឺចាប់សុដន់ ឬក្បាលសុដន់
បើមានឈឺក្នុងក្លៀក ឬសុដន់ មិនមែនបណ្ដាលពីការមកវដ្តរដូវទេ នោះគឺជាសញ្ញាណនៃជំងឺមហារីកសុដន់ហើយ ស្រ្តីត្រូវប្រញាប់ទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកសរីរាង្គកាយសុដន់ ដើម្បីធ្វើរោគវិនិច្ច័យ៕