ម៉ាកប្រណីត AMI បានបើកសម្ពោធហាងថ្មីដ៏ទំនើបបំផុត នៅក្នុងសង្កាត់ Marais ទីក្រុងប៉ារីស… សង្កាត់នេះ ជាតំបន់ប្រជុំជនមួយដែលពោរពេញដោយមនោសញ្ចេតនា រឿងរ៉ាវប្រវត្តិសាស្រ្ត និងជាបណ្តុំនៃហាងម៉ូតប្រណីតល្បីៗមកពីជុំវិញពិភពលោក។
រចនាប័ទ្មនៃហាងទាំងមូល ត្រូវបានរចនាឡើងដោយ ស្ថាបត្យករ Alexandre Mattiussi, Parisian duo Olivier Marty និងស្ថាបត្យករបារាំងដ៏ល្បីមកពី Studio KO គឺ លោក Karl Fournier។
ផ្នែកខាងក្រៅអគារបានរំលេចនូវរចនាប័ទ្មស្ថាបត្យកម្មបែបប្រពៃណីខុសប្លែកពីរចនាសម្ព័ន្ធទីក្រុងប៉ារីស ខណៈដែលនៅផ្នែកខាងក្នុងនៃហាងមានទំហំជាង 600 ហ្វីតការ៉េ និងមានកម្ពស់ 2 ជាន់… សំណង់នៃអាគារទាំងមូល រចនាឡើងដោយថ្មម៉ាប បន្ទះឈើរលោង និងបំណែកគ្រឿងសង្ហារឹមធ្វើពីស្បែក ដែលធ្វើឱ្យបរិយាកាសហាងទាំងមូលមានភាពកក់ក្តៅតាមបែបសហសម័យ ក្នុងទសវត្សទី 21 នេះ។នៅផ្នែកខាងក្នុងនៃហាងទៀតសោត បានបង្ហាញឱ្យឃើញការរៀបចំទាំងមូលធ្វើពីថ្ម Euville (ផលិតចេញពីដីខ្សាច់) ជាពិសេស ធ្នើរ តុ ជញ្ជាំង និងកម្រាលឥដ្ឋ។ បន្ថែមពីនេះ ហាងបានតុបតែងដោយប្រើប្រាស់ពណ៌ត្នោតស្រាល ផ្តល់បទពិសោធន៍នៃភាពទាក់ទាញដោយធម្មជាតិ។

សូមបញ្ជាក់ថា AMI គឺជាម៉ាកយីយោដ៏ធំបំផុតមួយក្នុងចំណោម ម៉ាកល្បីៗទូទាំងពិភពលោក ម៉ាកនេះមានលក់ Collection សម្លៀកបំពាក់បុរស – ស្ត្រី និងគ្រឿង Accessories ផ្សេងៗទៀត។