នៅពេលដែលអ្នកឈានចូលវ័យចាស់ អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺសុខភាពសរីរាង្គកាយ និងសុខភាពឆ្អឹងជាពិសេស ព្រោះវ័យចំណាស់ជាវ័យដែលងាយទទួលរងការទ្រុឌទ្រោម អស់កម្លាំងច្រើន និងការជះឥទ្ធិពលមិនល្អចំពោះសុខភាព។ ស្ថានភាពដែលគួរឱ្យបារម្ភអំពីសុខភាពឆ្អឹងរបស់មនុស្សចាស់នោះគឺ ជំងឺពុកឆ្អឹង ដែលជំងឺនេះបណ្តាលឱ្យឆ្អឹងរបស់អ្នកចុះខ្សោយ ឧស្សាហ៍ឈឺសន្លាក់ និងការឈឺចាប់ឆ្អឹងរ៉ាំរ៉ៃ។ សរីរាង្គរូបកាយមនុស្សត្រូវការឆ្អឹងមិនអាចខ្វះបាន ដើម្បីទ្រទ្រង់រាងកាយ និងជួយឱ្យរាងកាយធ្វើចលនាបម្លាស់ទី។
ឆ្អឹងមានសារៈសំខាន់ណាស់ ហេតុនេះហើយ អ្នកគួរតែស្វែងយល់អំពីការថែរក្សាឆ្អឹងឱ្យមានភាពរឹងមាំ និងសុខភាពល្អ។ អ្នកអាចចាប់ផ្តើមថែរក្សាសុខភាពឆ្អឹងឱ្យមាំមួនតាមរយៈវិធីខាងក្រោមនេះ… វាមិនអាស្រ័យទៅលើតែអ្នកមានវ័យចំណាស់តែប៉ុណ្ណោះទេដែលត្រូវថែរក្សាសុខភាពឆ្អឹង ចំពោះអ្នកដែលមានវ័យក្មេងក៏អាចអនុវត្តបានដូចគ្នា ចៀសវាងមានការឈឺចាប់នៅពេលអនាគត ៖
1. ទទួលទានរបបអាហារសុខភាព
របបអាហារដែលអ្នកទទួលទាននៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីសុខភាពរបស់អ្នកនៅថ្ងៃអនាគត។ ដូច្នេះសូមជ្រើសរើសរបបអាហារដែលល្អចំពោះសុខភាពរបស់អ្នកឱ្យបានត្រឹមត្រូវ ដូចគ្នាផងដែរជាមួយសុខភាពឆ្អឹង អ្នកគួរតែបរិភោគអាហារណាដែលមានផ្ទុកនូវជាតិកាល់ស្យូម ប្រូតេអ៊ីន ម៉ាញ៉េស្យូម និងវីតាមីន D ច្រើន ដើម្បីជាជំនួយដល់ឆ្អឹង និងការពារឆ្អឹងពីការពុកផុយ ឬឈឺចាប់រ៉ាំរ៉ៃពេលចាស់ទៅ។ អាហារទាំងនោះ រួមមាន ទឹកដោះគោ ត្រី ស៊ុត គ្រាប់ធុញ្ញជាតិ តៅហ៊ូ បន្លែបៃតង ផ្លែឈើធម្មជាតិ…។
2. ធ្វើលំហាត់ប្រាណ
ព្យាយាមធ្វើលំហាត់ប្រាណ ឬបង្កើតចលនាចំពោះរាងកាយឱ្យបានទៀងទាត់ ព្រោះការធ្វើបែបនេះគឺល្អសម្រាប់សុខភាពឆ្អឹងបំផុត ហើយជាពិសេសធ្វើឱ្យសរសៃសាច់ដុំរបស់អ្នកកាន់តែរឹងមាំ។ អ្នកអាចធ្វើលំហាត់ប្រាណរយៈពេល 30នាទី ក្នុងមួយថ្ងៃ ដោយការហាត់បែបពង្រឹងសាច់ដុំ ធ្វើយូហ្គានៅផ្ទះ និងការរាំលេងឱ្យមានចលនាមួយតួខ្លួន។
3. តុល្យភាពទម្ងន់
អ្នកគួរតែឧស្សាហ៍ត្រួតពិនិត្យមើលទៅលើតុល្យភាពទម្ងន់នៃរូបរាងកាយឱ្យបានទៀងទាត់។ ការធាត់លើសទម្ងន់ពេក អាចបណ្តាលឱ្យឆ្អឹងរបស់អ្នកពិបាកក្នុងការទ្រទម្ងន់សាច់នៃរាងកាយ ហើយបណ្តាលឱ្យមានការប្រេះស្រាំ ឬឆាប់ពុក។ ជាយោបល់ល្អ សូមរក្សាតុល្យភាពទម្ងន់នៃរូបរាងកាយរបស់អ្នកឱ្យមានភាពសមាមាត្រគ្នា។
4. យកចិត្តទុកដាក់លើសកម្មភាពប្រចាំថ្ងៃ
សូមចៀសវាងការដួល ព្រោះនៅពេលអ្នកដួល ឆ្អឹងរបស់អ្នកនឹងមានរបួស (ភ្លាត់ ឬបាក់) ដែលធ្វើឱ្យសុខភាពឆ្អឹងចុះខ្សោយខ្លាំង។ ម្យ៉ាងទៀត ប្រសិនបើអ្នកស្រឡាញ់ឆ្អឹងរបស់អ្នក សូមបញ្ឈប់ការជក់បារី សេពគ្រឿងស្រវឹង បរិភោគរបបអាហារមិនល្អមានដូចជា អាហារផ្អាប់ជាដើម។