បញ្ហាឈឺបំពង់ក អាចបង្កជាផលរំខានយ៉ាងខ្លាំងចំពោះអ្នក ខណៈឥឡូវនេះកំពុងឈានចូលដល់រដូវធ្លាក់ភ្លៀង ការប៉ះពាល់ទឹកភ្លៀងអាចបណ្តាលឱ្យអ្នកឈឺបំពង់ក ឈឺក្បាល ផ្តាសាយ និងហៀរសំបោរ ជាពិសេសធ្វើឱ្យអ្នកមានអារម្មណថាមិនស្រណុក សូម្បីតែការទទួលទានអាហារ ការញ៉ាំទឹក និងការនិយាយ.. ក្នុងករណីអាការៈធ្ងន់ធ្ងរខ្លាំងអាចប៉ះពាល់ដល់ផ្លូវដង្ហើម និងរំខានដំណេកផងដែរ។
អាការៈឈឺបំពង់កមានរោគសញ្ញាអ្វីខ្លះ?
អាការៈឈឺកអាចបង្ហាញរោគសញ្ញាផ្សេងៗអាស្រ័យលើស្ថានភាពជំងឺជាក់ស្ដែង អាចមានដូចជា ៖
• ឈឺនៅបំពង់ក
• ពិបាកក្នុងការលេបអាហារ
• ស្ងួត ឬរមាស់បំពង់កខ្លាំង
• មានឡើងក្រហមនៅគល់អណ្ដាត
• មាត់មានក្លិនមិនល្អ និងក្អកបន្តិចៗ
• ហើមក្រពេញទីរ៉ូអ៊ីត
• មានអាការក្តៅខ្លួន
• ប្រែប្រួលសំឡេង
ទទួលទានទឹកឲ្យបានច្រើន
សូមទទួលទានទឹកឱ្យបានច្រើន ព្រោះជាតិទឹកអាចជួយរក្សាសីតុណ្ហភាព ផ្ដល់សំណើមដល់បំពង់ក ថែមទាំងកម្ចាត់ពពួកមេរោគបាក់តេរីដែលបង្កការរលាកបំពង់កនោះផងដែរ។
ទទួលវីតាមីន C គ្រប់គ្រាន់
អ្នកគួរតែព្យាយាមបញ្ចូលសារធាតុវីតាមីន C ឲ្យបានច្រើន ព្រោះវីតាមីន C អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកកើនឡើងខ្លាំង ដើម្បីជួយសម្លាប់មេរោគ និងបញ្ចៀសការឆ្លងមេរោគឈឺបំពង់ក។
ទឹកឃ្មុំ លាយជាមួយទឹកក្រូចឆ្មា
ទឹកឃ្មុំ និងទឹកក្រូចឆ្មា គឺជារូបមន្តធម្មជាតិមួយ ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់ការព្យាបាលបញ្ហាឈឺបំពង់ក។ សូមលាយទឹកឃ្មុំ ១ ឬ២ស្លាបព្រា និងទឹកក្រូចឆ្មា ជាមួយទឹកក្តៅឧណ្ណៗ រួចកូរឱ្យសព្វ ទើបទទួលទានម្តងបន្តិចៗ។
ខ្ទឹមស
ខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ព្រមទាំងសម្លាប់មេរោគ និងជួយព្យាបាលបញ្ហាឈឺបំពង់ក។ អ្នកអាចបរិភោគខ្ទឹមសឆៅមួយកំពឹសប្រចាំថ្ងៃដើម្បីធ្វើឲ្យខ្ទឹមសអាចបញ្ចេញសារធាតុគីមីដែលគេស្គាល់ថាជាសារធាតុ Allicin អាចជួយសម្លាប់បាក់តេរីដែលបង្កឲ្យឈឺក។
បរិភោគតែអាហារទន់ៗ និងគ្មានជាតិកាត់
អ្នកគួរតែជ្រើសរើសបរិភោគប្រភេទអាហារសម្បូរជាតិទឹកច្រើន អាហារទន់ៗ និងអាហារដែលក្រពះងាយស្រួលរំលាយ។ បន្ថែមពីនេះ អ្នកក៏គួរតែចៀសវាងបរិភោគពពួកអាហារដែលមានជាតិខ្លាញ់ខ្លាំង អាហារបំពង ពពួកអាហារហឹរ អាហារកក ភេសជ្ជៈផ្អែមៗ និងបន្ថយការជក់បារី។